(ភ្នំពេញ)៖ តាមរយៈតេឡេក្រាមនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសុំយោគយល់អធ្យាស្រ័យពីបងប្អូន កូនក្មួយ កម្មករ-កម្មការិនី ចំពោះគម្រោងជួបសំណេះសំណាលសាកសួរទុក្ខដែលគ្រោងធ្វើចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំនួន១០គោលដៅបន្ថែមទៀត ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។
ប៉ុន្តែដោយសារតែបញ្ហាកត្តាពេលវេលា និងកត្តាទិដ្ឋភាពនៃការរៀបចំរាជរដ្ឋាភិបាលថ្មី គឺកិច្ចការនេះ សម្ដេចសូមអភ័យទោស ចំពោះកម្មករ-កម្មការិនីទាំងអស់ ដែលបានមិនចុះសួរសុខទុក្ខតាមការសន្យា។ តែយ៉ាងណាក៏ដោយ ការចុះជួបសួរសុខទុក្ខនេះ នឹងត្រូវធ្វើឡើងនៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រោះថា ឥឡូវនេះស្ថិតនៅក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ ខ្ញុំចង់ឲ្យអ្វីបានកើតឡើងនូវដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបចំពោះក្មួយៗកូនៗចៅៗ ជាកម្មករ-កម្មការិនីទាំងអស់ ដូច្នេះសូមបញ្ជាក់ឡើងវិញថា យើងនឹងជួបគ្នានៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលនឹងអាចមានលទ្ធភាពខ្ពស់បំផុតមាននាយករដ្ឋមន្ត្រីថ្មី នឹងទៅសួរសុខទុក្ខ ចំពោះកម្មករ-កម្មការិនីរបស់យើង ជំនួសនាយករដ្ឋមន្ត្រីចាស់ ដែលនេះគឺជាលទ្ធភាពនៃការកើតឡើងនៃរាជរដ្ឋាភិបាលថ្មី ដែលមានទាំងនាយករដ្ឋមន្ត្រីថ្មី»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា សម្ដេច មិនទៅណានោះទេ ដោយសម្ដេច នឹងបកស្រាយរឿងនេះ នៅថ្ងៃទី ៣ ខែសីហាខាងមុខនេះ នៅក្នុងពេលសម្ពោធផ្លូវក្រវ៉ាត់ក្រុង៕