(អឺរ៉ុប)៖ អាកាសធាតុនៅទ្វីបអឺរ៉ុប កំពុងបែងចែកជាពីរដ៏កម្រ ដោយរលកកម្តៅ កំពុងវាយប្រហារនៅទូទាំងភាគខាងត្បូង ខណៈព្យុះដ៏ខ្លាំង វាយប្រហារបណ្តាប្រទេសនៅភាគខាងជើង។ភ្លើងឆេះព្រៃ បានឆាបឆេះនៅក្នុងប្រទេសក្រិក អេស្ប៉ាញ និងភាគខាងត្បូងប្រទេសអ៊ីតាលី ស្របពេលខ្យល់ព្យុះ និងព្រឹល បានវាយប្រហារផ្នែកខ្លះនៃប្រទេសអាល្លឺម៉ង់ ស្វីស និងភាគខាងជើងប្រទេសអ៊ីតាលី។
ភ្លើងឆេះព្រៃ បានបង្ខំឲ្យបិទព្រលានយន្តហោះ Palermo លើកោះ Sicily ខណៈកោះរបស់អ៊ីតាលីមួយនេះ បានកត់ត្រាសីតុណ្ហភាព ៤៧អង្សាសេ។ ទន្ទឹមនោះ ភ្លើងនៅតែបន្តបំផ្លិចបំផ្លាញក្នុងប្រទេសក្រិក ដោយមនុស្សរាប់ពាន់នាក់ ត្រូវបង្ខំចិត្តរត់គេចខ្លួន។ ភ្លើងឆេះព្រៃ ក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសក្រូអាត បារាំង អ៊ីតាលីដីគោក អេស្ប៉ាញ តួកគី និងរុស្ស៊ី។ថ្វីបើរលកកម្តៅកាន់តែធ្ងន់ធ្ងរទៅៗ ហើយភ្លើងឆេះព្រៃ បណ្តាលឲ្យមានភាពវឹកវរនៅភាគខាងត្បូងក៏ដោយ ប៉ុន្តែទម្រង់នៃអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត ក៏កំពុងហែកហួរតាមទីប្រជុំជននិងទីក្រុងនានា នៅទូទាំងអឺរ៉ុបភាគខាងជើង ផងដែរ។
នៅប្រទេសស្វីស ខ្យល់ព្យុះកំបុតត្បូងល្បឿន២១៧គីឡូម៉ែត្រក្នុងមួយម៉ោង បានធ្វើឲ្យដងស្ទូចបាក់សង្កត់សម្លាប់មនុស្សម្នាក់ ហើយថែមទាំងបោកបំប៉ើងដំបូលផ្ទះជាច្រើនទៀតផង។ ខ្យល់ព្យុះក៏បានវាយប្រហារប្រទេសបារាំង និងអាល្លឺម៉ង់ផងដែរ ដោយភ្លៀងធ្លាក់យ៉ាងគំហុក បានជន់លិចផ្លូវក្នុងទីក្រុងបែរឡាំង។កាលពីឆ្នាំមុន រលកកម្ដៅបានបណ្ដាលឲ្យមនុស្សជាង ៦១៦០០នាក់បាត់បង់ជីវិត នៅទូទាំង៣៥ប្រទេសក្នុងទ្វីបអឺរ៉ុប និងបង្កជាភ្លើងឆេះព្រៃយ៉ាងសាហាវ។ នៅឆ្នាំនេះ សីតុណ្ហភាពអាចលើសពីកំណត់ត្រាបច្ចុប្បន្នរបស់អឺរ៉ុបគឺ ៤៨.៨អង្សាសេ ដែលបានកត់ត្រានៅលើកោះ Sicily ក្នុងខែសីហា ឆ្នាំ ២០២១៕