ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងរថយន្ដ បណ្ដាលឲ្យអ្នកបើកបរម្នាក់ត្រូវជង់ជាមួយប្ញស្សីនិងកៀបជាប់ស្លាប់ក្នុងរថយន្ដយ៉ាងអាណោចអាធ័ម ដែលហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវកៅស៊ូ ក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដពីរគ្រឿងកំពុងធ្វើដំណើរស្របគ្នាក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តដឹកឬស្សីម៉ាក HIYUNDAI ពណ៌សពាក់ស្លាកលេខ កំពង់ធំ 3A.1280 បើកខាងមុខ ។ រីឯរថយន្ដម៉ាកRAIZEពាក់ស្លាកលេខ ភ្នំពេញ2BV.2468 បើកតាមក្រោយ ។
លុះទៅដល់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វី ស្រាប់តែរថយន្ដតូចទៅបុកពីក្រោយរថយន្ដធំយ៉ាងពេញទំហឹង បណ្ដាលឲ្យជង់ប្ញស្សីបែកកញ្ចក់កៀបអ្នកបើកបរស្លាប់ភ្លាមៗនៅក្នុងរថយន្ត ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជាពេទ្យធ្មេញ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកអ្នកបើកបររថយន្ដដឹកប្ញស្សីមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
ក្រោយសមត្ថកិច្ចបានធ្វើការវាស់វែងរួច ក៏បានយករថយន្ដបង្កហេតុទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំពោះសាកសពជនរងគ្រោះ បានប្រគល់ឲ្យក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ។