(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាប់ផ្ដើមដំណើរការអនុវត្តកម្មវិធីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់បច្ចុប្បន្នបានចំនួន ១៣ជុំ មាន ៣៧លើក រួចមកហើយ ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយសូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ ការបើកផ្ដល់ជុំទី១៣ លើកទី៣ ត្រូវបាន បញ្ចប់រួចរាល់ជាស្ថាពរ។ រាជរដ្ឋាភិបាល បានចំណាយទឹកប្រាក់សរុបលើការអនុវត្តកម្មវិធីចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ (៣៧លើក) អស់ថវិការដ្ឋចំនួន ៤,៤៧៧,៦៣៤,១១១,០០០ (បួនពាន់បួនរយចិតសិបប្រាំពីរប៊ីលាន ប្រាំមួយរយសាមសិបបួនលាន មួយរយដប់មួយពាន់រៀលគត់) ស្មើនឹង ១ ១១៩.៤០ លានដុល្លារអាមេរិក៕