(ថៃ)៖ គណបក្សឈ្នះឆ្នោតថៃ គឺ ចលនាឆ្ពោះទៅមុខ នៅតែសង្ឃឹមថា ពួកគេអាចតែងតាំងលោក Pita Limjaroenrat ម្តងទៀត សម្រាប់ការឈរឈ្មោះធ្វើជានាយករដ្ឋមន្ត្រី ហើយសមាជិកព្រឹទ្ធសភា នឹងផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់គាត់។អគ្គលេខាធិការ Chaithawat Tulanon បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែកក្កដាថា គណបក្សបានដាក់ញត្តិទៅស្ថាប័នស៊ើបអង្កេតបណ្តឹងតវ៉ា ថាតើលោក Pita អាចនឹងត្រូវបានតែងតាំងនៅក្នុងសភាម្តងទៀត សម្រាប់តំណែងនាយករដ្ឋមន្ត្រីដែរឬក៏អត់។
ស្របពេលជាមួយគ្នានោះ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីបន្ទាប់ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ អាចនឹងត្រូវពន្យារពេល បន្ទាប់ពីស្ថាប័នខាងលើសម្រេចថា ការបោះឆ្នោតគួរតែត្រូវផ្អាកសិន ដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ លើការបដិសេធការតែងតាំងលោក Pita។
គួរបញ្ជាក់ជាថ្មី លោក Pita ត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់នៅក្នុងការបោះឆ្នោតដែលចូលរួមពីសំណាក់សភាតំណាងរាស្រ្តដែលមានសមាជិក៥០០រូប និងសមាជិកព្រឹទ្ធសភាបច្ចុប្បន្ន២៤៩រូបកាលពីថ្ងៃទី១៣ខែកក្កដា ប៉ុន្តែលោកបានបរាជ័យ ក្នុងការទទួលបានសំឡេងភាគច្រើន។ សម្ព័ន្ធភាព៨គណបក្សរបស់គាត់ រកបានតែ៣២៤សំឡេងប៉ុណ្ណោះ ពោលគឺតិចជាង៣៧៥ដែលគាត់ត្រូវការ។ បន្ទាប់មកសភា បានបោះឆ្នោតនៅថ្ងៃទី១៩ខែកក្កដាដើម្បីបដិសេធការតែងតាំងរបស់គាត់។ ក្រុមអ្នកប្រឆាំងអះអាងថា សំណើដែលបរាជ័យ មិនអាចដាក់ឡើងវិញក្នុងសម័យប្រជុំសភាដដែលបានទេ ហើយថា រឿងនេះក៏អនុវត្តចំពោះការតែងតាំងលោក Pita ជានាយករដ្ឋមន្ត្រីផងដែរ៕