ខេត្តកំពត៖ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ១៤៧ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្ត កំពតជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ព្រមទាំងផ្ទះលំហែរ បឹងហ្គាឡូដេរដាស ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរឱ្យចង់ទៅទស្សនាកម្សាន្ត ក្រោយសម្រាកពីការងារថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃ បុណ្យឈប់សម្រាក ជាដើម។
រមណីយដ្ឋាន «ភ្នំ ទឹកធំ» ស្ថិតនៅភូមិអន្លង់ថ្ងាន់ខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាប់ព្រំដែនវៀតណាម កំពុងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទៅទស្សនាកម្សាន្ត នៅទីនោះ ដោយសារតែមានការបើកឱ្យជិះទូកកម្សាន្តក្នុងរូងភ្នំគយគន់ទេសភាពបៃតងខ្ចីពីលើផ្ទៃទឹក ស្រស់ស្អាតមិនចាញ់ទេសភាពនៅបរទេស និង មានស្ពានឫស្សីសាងសង់សម្រាប់ធ្វើដំណើរផងដែរ គួរ ជាទីមនោរម្យ និង ចង់ឱ្យទៅទស្សនាក្រៃលែង៕