ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រី ត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសម្រាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅ ឬជំងឺហឺតជាដើម ប៉ុន្តែប្រម៉ាត់ត្រីប្រភេទខ្លះ មានផ្ទុកនូវសារជាតិពុល ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ នេះបើតាមការចែករំលែកពីប្រភព មន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពដដែលបានពន្យល់ថា ប្រម៉ាត់ត្រីប្រភេទខ្លះ មានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដែលក្នុងចំណោមត្រីដែលមានប្រម៉ាត់ពុលជាច្រើនប្រភេទ នៅកម្ពុជា ប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ ប្រម៉ាត់ត្រីក្អែក និងប្រម៉ាត់ត្រីត្រសក់។
បើតាមការឱ្យដឹងកម្រិតនៃការពុល គឺអាស្រ័យលើបរិមាណដែលទទួលទាន ហើយអ្នកជំងឺភាគច្រើន នឹងកើតមានអាការៈ ឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយទទួលទាន។
តើការពុលប្រម៉ាត់ត្រី មានផលប៉ះពាល់បែបណាដល់តម្រងនោម?
ចន្លោះពី ៤៨ម៉ោង ទៅ ៧២ម៉ោង ក្រោយទទួលទានប្រម៉ាត់ ដែលមានសារជាតិពុល អ្នកជំងឺនឹងចាប់ផ្តើមមានរោគសញ្ញានៃការពុលតម្រងនោម ដូចជា ហើម នោមតិច ឬគ្មានទឹកនោមជាដើម។ លើសពីនេះ ប្រភពដដែលអះអាងដែរថា ពេលខ្លះក៏អាចមានរោគសញ្ញានៃការពុលថ្លើមផងដែរ ដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម។
រាល់មានករណីពុលប្រម៉ាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ព្រោះអ្នកជំងឺអាចមាន អាការៈពុលដល់តម្រងនោម ឈានដល់សភាពធ្ងន់ធ្ងរ រហូតទាមទារឱ្យមានការព្យាបាលដោយលាងឈាម (Hemodialysis) ទៀតផង។
បើតាមមប្រភពមន្ទីរពេទ្យកាល់ម៉ែត ខាងមន្ទីរពេទ្យបានទទួលព្យាបាលអ្នកជំងឺពុលប្រម៉ាត់ត្រី និងជាសះស្បើយដោយ ជោគជ័យច្រើនករណីមកហើយ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ សំណូមពរឱ្យជៀសវាងការទទួលទានប្រម៉ាត់ត្រី ដែលមាន ផ្ទុកសារជាតិពុល បង្កគ្រោះថ្នាក់ដល់សុខភាព។ ដោយឡែក ប្រសិនជាមានអាការៈ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ ដោយសារតែការពុលប្រម៉ាត់ត្រី ត្រូវរួសរាន់ជួបគ្រូពេទ្យជំនាញ ដើម្បីព្យាបាលឱ្យបានទាន់ពេលវេលា៕