(ប៉ៃលិន)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន(PEC) បានបើកសវនាការជំនុំជម្រះក្តី លើសមាជិកគណបក្សភ្លើងទៀនចំនួន២រូប ពាក់ព័ន្ធនិងករណីញុះញង់ឲ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល ។ពិធីនេះមានការអញ្ជើញចូលរួមពីលោក ចេង ញ៉ាន់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាជំនុះជម្រះ, លោក សោ សុវណ្ណ តំណាងអាជ្ញាធរខេត្តប៉ៃលិន ,លោក លោកស្រីតំណាងអាជ្ញាធរភូមិ/ឃុំ/សង្កាត់ ,លោក លោកស្រី តំណាងអ្នកសង្កេតការណ៍ជាតិ និងដើមបណ្តឹង មេធាវីដើមបណ្តឹង ព្រមទាំងសាក្សីដើមបណ្តឹងជាច្រើនរូបផងដែរ។
យោងតាមពាក្យបណ្តឹង ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានទទួលពីដើមបណ្តឹង គឺប្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស ជាប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តប៉ៃលិន រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ និងឈ្មោះ ស៊ុន សុភា ភេទស្រី ជាសកម្មជនគណបក្សភ្លើងទៀនខេត្តប៉ៃលិន រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ដែលជាសកម្មជនគណបក្សភ្លើងទៀន ខេត្តប៉ៃលិន ។ក្រោយពីបើកសវនាការរួចមក អង្គជំនុះជម្រះ ក៍បានសម្រេច ឲ្យឈ្មោះ ខឹម មុនីកុសល ប្រធានប្រតិបិត្តគណបក្សភ្លើងទៀនខេត្តប៉ៃលិន ត្រូវពិន័យជាប្រាក់ ១៥លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត ១០ ឆ្នាំ ចំណែកឈ្មោះ ស៊ុន សុភា ត្រូវបានពិន័យជាប្រាក់១០លានរៀល និងលុបឈ្មោះពីបញ្ជីបោះឆ្នោត និងដកសិទ្ធិបោះឆ្នោត ឬឈរឈ្មោះបោះឆ្នោត១០ឆ្នាំ។ ការសម្រេច របស់ក្រុមប្រក្សាជំនុំជម្រះ យល់ឃើញថា វាជាករណីអំពើល្មើស ដែលមានចែងក្នុងជំពួកទី១០ ស្ដីពីទោសប្បញ្ញត្តិមាត្រា១៤២ថ្មី ក្នុងកថាខណ្ឌទី១ ត្រេទី៥ ត្រេទី៧ និងត្រេទី៨ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។សេចក្តីសម្រេចនេះ ក៍បានជំនុំជម្រះ និងប្រកាសជាសាធារណៈ ក្នុងអង្គសវនាការ ចំពោះមុខដើមបណ្តឹង មេធាវីដើមបណ្តឹង កំបាំងមុខចុងចម្លើយ និងទុកសិទ្ធិប្តឹងតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមកំណត់ច្បាប់ផងដែរ។
គួរលឹកផងដែរថា៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៦:២០នាទី លោក ខឹម មុនី កុសល ជាប្រធានប្រតិបិត្តគណបក្សភ្លើងទៀនខេត្តប៉ៃលិន បានបង្ហោះសារតាម បណ្តាញសង្គម(Facebook) ដែលមានគណនីFacebook ឈ្មោះ Monykosal Khem មានខ្លឹមសារញុះញង់ធ្វើឱ្យ ប្រជាពលរដ្ឋមានការភាន់ច្រឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត អាចធ្វើឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត ធ្វើ ឱ្យសន្លឹកឆ្នោតខូច ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ លោក ខឹម មុនីកុសល បានសរសេរទៀតថា យើងស្គាល់ច្បាស់ថា គូសយ៉ាងដូចម្ដេចជាសន្លឹកឆ្នោតមិនបានការ។ ខ្លឹមសារនេះបានបង្ហោះអមជាមួយរូបភាពសន្លឹកឆ្នោត មិនបានការជាច្រើនសន្លឹកផងដែរ៕ អត្ថបទ សេង សុវណ្ណារិទ្ធ