អាកាសធាតុប្រែប្រួល ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋគ្រប់វ័យ ពិសេសក្នុងរដូវវស្សានេះ មានជំងឺធំចំនួន ៣ ដែលផ្ដល់ហានិភ័យដល់កុមារ រហូតដល់បាត់បង់ជីវិត ប្រសិនប្រហែស ឬព្យាបាលមិនទាន់ពេល។
លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ ថា ក្នុងរដូវវស្សា ធ្លាក់ភ្លៀងច្រើន ករណីជំងឺគ្រុនឈាម និងជំងឺរលាកប្រព័ន្ធផ្លូវដង្ហើម ពិសេសជំងឺរលាកសួតលើកកុមារតូចៗ អាចមានហានិភ័យគម្រាមកំហែងដល់អាយុជីវីតកុមារ។
លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍បន្តថា ឪពុកម្ដាយ ឬអាណាព្យាបាលកុមារត្រូវយកចិត្តទុកដាក់ថែទាំ កូនចៅ ដោយរស់នៅស្អាតមានអនាម័យ និងចូលរួមទាំងអស់គ្នា ពិសេសបំបាត់ជម្រកមូសខ្លាការពារជំងឺគ្រុនឈាម។ អាណាព្យាបាល ត្រួវស្វែងរកការពិគ្រោះព្យាបាលជំងឺ ជាមួយគ្រូពេទ្យមានជំនាញវិជ្ជាជីវៈ ពេលកូនចៅមានជំងឺដង្កាត់។
លោកវេជ្ជបណ្ឌិត គី សន់ទី មានប្រសាសន៍បន្ថែមថា កុំស្វែងរកទិញថ្នាំព្យាបាលកូនចៅដោយខ្លួនឯង តែត្រូវស្វែងរកការព្យាបាលមួយត្រឹមត្រូវ នៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកជាដើម។ ស្វែងរកការបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរ ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមក្បួនខ្នាតបច្ចកទេស មកកាន់មន្ទីរពេទ្យឯកទេសមានជំនាញដែលទុកចិត្តបាន។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ខាងលើ បានឱ្យដឹងបន្ថែមថា មានកុមារចំនួន ១ ៣២៦ នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ឬត្រូវចំណាយប្រមាណ ៤០ លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។
មូលនិធិគន្ធបុប្ធាកម្ពុជាបានបង្កើត KHQR CODE (ទាំងប្រាក់រៀល និងដុល្លារអាមេរិក) សម្រាប់គ្រប់ App ធនាគារទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្មវិធីស្ដែន QR CODE ដើម្បីសម្រួលដល់ការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជននានា ក្នុងគោលបំណងជួយនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា៕