(ប៉ៃលិន)៖ ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាពលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ តំណាងរដ្ឋបាលក្រុង ស្រុក អធិការក្រុង ស្រុក តំណាងគណបក្សនយោបាយ តំណាងសមាគម អង្គការមិនមែន មន្ត្រី គ.ខ.ប មន្ត្រី លគ.ខប មន្ត្រី គឃ.សប ក្រុមប្រឹក្សាឃុំ សង្កាត់ និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ទាំង៨ ផងដែរ។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ជា សុផារិទ្ធ ស្នងការរងខេត្តប៉ៃលិន និងលោក គង់ ជី អនុប្រធាន គ.ខ.ប បាន ធ្វើរបាយការណ៍សន្តិសុខ និង ផ្សព្វផ្សាយច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត ,ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៣០៨ គ.ជ.ប.ស.ស.រ ស្តីពីការកែសម្រួលបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ រួចមកលោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះគឺក្នុងគោលបំណងដើម្បីឲ្យដំណើរការនៃការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្ថិតក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែងនិងគ្មានអំពើហិង្សា។លោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក៍បានជំរុញដល់កងកម្លាំងទាំង៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត ដោយធ្វើផែនការជាក់លាក់ ក្នុងការធានា ដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួន ។ ជាមួយគ្នានេះ លោកបានក្រើនរម្លឹកថា គណបក្សនយោបាយ បេក្ខជនអ្នកគាំទ្រគណបក្ស នយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ ស្តី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប. ដើម្បីឱ្យការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត របស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។
ក្នុងឱកាសនោះលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តន៍ គោរពច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ ធ្វើអោយការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ខាងផ្នែកនយោបាយ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អ ព្រមទាំងមានការចូលរួមត្រួតពិនិត្យ និងសង្កេតការណ៍ជាសាក្សី ពីអ្នកសង្កេតការណ៍បោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ។ លោកអភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍បន្តថា៖ ទោះបីស្ថានការណ៍ជារួមមានលក្ខណៈល្អប្រសើរ ហើយការត្រៀមរៀបចំមូលដ្ឋាន គ្រឹះសម្រាប់ធានាសន្តិសុខ ត្រូវបានរៀបចំប្រកបដោយភាពម្ចាស់ការ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ពីគ្រប់អ្នកពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ប៉ុន្តែកិច្ចដំណើរការនៃការ រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ គឺ ជាដំណាក់កាលនៃការតស៊ូប្រកួតប្រជែងនយោបាយយ៉ាងតឹងតែង និងក្ដៅគគុករបស់គ្រប់ គណបក្សនយោបាយ ដែលបានចូលរួម ហើយ ក៏ជាដំណាក់កាលដែលងាយនឹងកើតឡើងនូវ ទំនាស់ ឬបទល្មើសផ្សេងៗ បង្កជាឧបសគ្គ រាំងស្ទះ ឬបន្ទុចបង្អាក់ដល់កិច្ចដំណើការបោះឆ្នោត ផងដែរ។ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៍បានជំរុញដល់អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចទាំងអស់ ត្រូវជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ នូវបញ្ហាការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅដាក់បញ្ជាំគេ យកប្រាក់កម្ចី សូមទៅយកមកវិញ ហើយត្រូវផ្សព្វផ្សាយដល់អង្គការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នានា សូមកុំយកអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ជាថ្នូរនិងការយកប្រាក់ មកទុកឲ្យសោះ ព្រោះអត្តសញ្ញាណប័ណ្ណ មានសារៈសំខាន់ណាស់ សម្រាប់ការបោះឆ្នោតនាពេលខាងមុខផងដែរ៕ អត្ថបទ សេង សុវណ្ណារិទ្ធ