(ភ្នំពេញ)៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលរកចំណូលផ្ទាល់ខ្លួនបានអាចធ្វើសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)បានដោយគ្រាន់តែចំណាយបង់វិភាគទាន ១៥ ៦០០ រៀល ក្នុងខែប៉ុណ្ណោះ។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបណ្តាញទំនាក់ទំនងបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ិត សំហេង បានថ្លែងយ៉ាងដូច្នេះថា៖ «អស់បារម្ភ សម្រាប់បងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប រត់កង់បី និងបងប្អូនអ្នករកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. បានដែរ តាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត»។
ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ដើម្បីទទួលបណ្ណសមាជិក ប.ស.ស. បងប្អូនទាំងអស់ត្រូវអនុវត្តន៍តាមលក្ខខណ្ឌដូចខាងក្រោម៖ មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រា ក់ឈ្នួល។ ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ហើយត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានណែនាំឱ្យសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើបណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។ ទន្ទឹមនេះ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង។ យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន ក្រសួងការងារបានចុះបញ្ជីកម្មករ និយោជិតក្រៅប្រព័ន្ធសរុប ៩២៦ សហគ្រាស គ្រឹះស្ថានមានសមាជិកសរុប ៩៨ ៩១៩ នាក់ ក្នុងនោះមាន ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ ចំនួន ៥៦ ៤៥២ នាក់ ។ ទន្ទឹមនេះ ក្រសួងការងារក៏បានបើកផ្តល់ថវិកាដល់កម្មការិនីសម្រាលកូនចំនួន ៣៥៩ ៩២៤ នាក់(ចំនួនកូន ៣៦២ ៣៨៩ នាក់) ប្រាក់ឧត្ថម្ភសរុប ១១៤ពាន់ ៩៥៥លាន ៦សែនរៀល៕