(ភ្នំពេញ)៖ ការចុះអនុស្សរណៈរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយសហគមន៍ជំរុញឧស្សាហកម្មកម្ពុជា-ចិន នឹងជួយពង្រឹងបន្ថែមទៀត នូវប្រសិទ្ធភាពនៃការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយទៅកាន់ពិភពលោក។នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ នេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងសមាគមជំរុញឧស្សាហកម្ម កម្ពុជា-ចិន នៅក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និតបន្ថែមទៀតរវាងដៃគូររដ្ឋនិងឯកជន។ការចុះអនុស្សរណៈកម្ពុជា-ចិន មួយនេះ នឹងជួយពង្រឹងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ តាមរយៈការបង្កើតព្រឹត្តិការណ៍សិល្បៈ ការរៀបចំតាំងពិព័រណ៍គំនូរវិចិត្រកម្ម ការរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ ជំរុញការអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីឲ្យស្របតាមបរិបទឧស្សាហកម្មទេសចរណ៍ វប្បធម៌ និងការបង្កើតថ្មី៕