(កូរ៉េខាងជើង)៖ កាលពីថ្ងៃពុធម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMចូលទៅក្នុងសមុទ្រជិតតំបន់ឆ្នេរភាគខាងកើតរបស់ពួកគេ ជាហេតុធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីក្រុមមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ដែលបានជួបជុំគ្នានៅក្រៅកិច្ចប្រជុំកំពូលអង្គការណាតូ ។
ការបាញ់មីស៊ីលនេះដែរ បានកើតមានឡើង ក្រោយការតវ៉ាដ៏ក្តៅគគុកពីកូរ៉េខាងជើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយទីក្រុងព្យុងយ៉ាង ចោទប្រកាន់ថា យន្តហោះចារកម្មអាមេរិក បានបំពានលើដែនអាកាសនៅក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន ក៏ដូចជាថ្កោលទោសដំណើរទស្សនកិច្ចកាលពីពេលកន្លងទៅរបស់នាវាមុជទឹកបំពាក់មីស៊ីលតម្រង់គោលដៅដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិកទៅកាន់កូរ៉េខាងត្បូង ហើយពួកគេសន្យាថា នឹងចាត់វិធានការប្រតិកម្មវិញ ។ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បាននិយាយថា មីស៊ីល ICBMបានហោះរយៈពេល ៧៤នាទី នៅលើរយៈកម្ពស់ ៦ពាន់គ.ម និងហោះបានចម្ងាយ ១ពាន់គ.ម ដែលវាគឺជាការហោះហើរយូរជាងគេបំផុតពុំធ្លាប់ដែលមានសម្រាប់មីស៊ីលកូរ៉េខាងជើង ។ ស្របពេលនោះដែរ ក្រុមឆ្មាំល្បាតឆ្នេរជប៉ុន បានព្យាករណ៍ថា មីស៊ីលមួយគ្រាប់នេះ បានធ្លាក់នៅចម្ងាយប្រហែល ៥៥០គ.ម ភាគខាងកើតឧបទ្វីបកូរ៉េ ។
គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ICBMដើរដោយថាមពលឥទ្ធនៈរឹងលើកដំបូងរបស់ខ្លួនពុំធ្លាប់ដែលមានពីមុន ដែលជាការបាញ់សាកល្បងមួយក្នុងចំណោមការបាញ់សាកល្បងមីស៊ីលរាប់សិបគ្រាប់ក្នុងឆ្នាំនេះ ។ ក្រុមអ្នកវិភាគ មានជំនឿថា មីស៊ីល ICBM របស់កូរ៉េខាងជើង អាចហោះឆ្ងាយគ្រប់គ្រាន់ក្នុងការវាយប្រហារគោលដៅនៅកន្លែងណាមួយក្នុងទឹកដីសហរដ្ឋអាមេរិក ហើយរដ្ឋឯការមួយនេះ ទំនងជាបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបំពាក់លើរ៉ុក្កែត ៕