ខេត្តប៉ៃលិន៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថា ជាថៅកែស្តង់ដំឡូងមី ត្រូវបានជនសង្ស័យ លបលួចយកកាំបិតកា.ប់ប្រហារ ខណៈដែលជនរងគ្រោះ កំពុងដេកលង់លក់នៅក្នុងអង្រឹង បណ្តាលឱ្យរងរបួសធ្ងន់ ក្នុងថ្លុកឈាម។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ករណីនេះ ទំនងជាដោយសារបញ្ហាគំនុំចាស់។
ជនរងគ្រោះ ត្រូវជនសង្ស័យមិនស្គាល់មុខ លបកា.ប់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងស្តង់ដំឡូងមីមួយកន្លែង ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុជាតិ ភេទប្រុស អាយុប្រហែល ៤៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ រងរបួសពេញខ្លួន និងក្បាល ត្រូវគ្រូពេទ្យដេរអស់ជាច្រើនថ្នេរ។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះធ្លាប់មានទំនាស់ពាក្យសម្តីជាមួយអ្នកដទៃ ពាក់ព័ន្ធនឹងរឿងរ៉ាវរកស៊ីជួញដូរកសិផលពោត និងដំឡូងមី។ លុះដល់ព្រឹកថ្ងៃកើតហេតុ ខណៈជនរងគ្រោះ កំពុងដេកសម្រាកលង់លក់ ក្នុងអង្រឹងនៅក្នុងស្តង់ដំឡូងមីរបស់ខ្លួន ដោយសារស្ងាត់មនុស្ស ទើបជនសង្ស័យ ទាញយកកាំបិតទៅកា.ប់ប្រហារ បណ្ដាលឱ្យជនរងគ្រោះ រងរបួសក្នុងថ្លុកឈាមតែម្តង។
ជនរងគ្រោះ ត្រូវបានញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណៈជនសង្ស័យ ត្រូវកម្លាំងនគរបាល កំណត់មុខសញ្ញាអស់ហើយ និងកំពុងតាមប្រមាញ់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕