(កូរ៉េខាងជើង)៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែន ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA ថា “ក្នុងនាមរដ្ឋាភិបាលកូរ៉េខាងជើង ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់អាមេរិកក្នុងការផ្ដល់អាវុធប្រល័យលោកទៅឲ្យអ៊ុយក្រែន ថាជា អំពើឧក្រិដ្ឋកម្មដ៏គ្រោះថ្នាក់ ដែលអាចនឹងនាំមកនូវមហន្តរាយថ្មីពិភពលោក ហើយថែមទាំងទាមទារឲ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដកការសម្រេចចិត្តនេះជាបន្ទាន់ផងដែរ” ។
លោកស្រី Choe បាននិយាយទៀតថា “សហរដ្ឋអាមេរិកបានបង្កើតជម្រើសដ៏គ្រោះថ្នាក់បំផុតមួយទៀត ហើយបញ្ហានេះបញ្ជាក់ឲ្យឃើញថា គោលនយោបាយជាតិរបស់ពួកគេ គឺជាអ្នកបំផ្លាញសន្តិភាពទាក់ទងនឹងការឈ្លានពាន និងការសម្លាប់រង្គាល” ។ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដោយសារតែទាំងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវកំពុងអស់គ្រាប់ធម្មតាប្រើប្រាស់ហើយ ដូច្នេះមានតែគ្រាប់បែកប្រភេទនេះប៉ុណ្ណោះដែលជាជម្រើសដ៏ល្អ ម្យ៉ាងទៀតព្រោះតែសង្គ្រាមនៅអ៊ុយក្រែន គឺជាសង្គ្រាមដែលទាក់ទងនឹងគ្រាប់បែកផង ។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការ នឹងផ្ដល់គ្រាប់បែកចង្កោមដែលជាអាវុធត្រូវបានហាមឃាត់នៅក្នុងប្រទេសជាង ១០០ ទៅឲ្យអ៊ុយក្រែន ខណៈក្នុងសេចក្តីប្រកាសនោះ មិនបានបញ្ជាក់ពីចំនួនគ្រាប់ពិតប្រាកដដែលត្រូវផ្តល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវនោះទេ ៕