ប៉ៃលិន៖ ថ្ងៃទី១២ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជាង ៣០០នាក់ នៅភូមិក្រចាប់លើ, ភូមិអូរខ្ទីង, ភូមិភ្នំរាំង, ភូមិព្រៃមង្គល, ភូមិសួស្តី, ភូមិដីក្រហម, និងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។
លើកឡើងនាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋពីសមិទ្ធផលសំខាន់ដែលកើតមានរួចហើយ និងកំពុងកើតមាននៅខេត្តប៉ៃលិន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជាក់ជូនទៀតថា សមិទ្ធផលដែលបានលើកមាននោះ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សបន្តទៀតផងដែរ។
ជាមួយគ្នានោះឯកឧត្តមបេក្ខជនតំណាងរាស្ត្រ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់នីតិកាលទី៧នេះ ព្រមទាំងជម្រុញឱ្យសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះជូនបក្សក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។
ប្រជាពលរដ្ឋក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះសកម្មភាពរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចុះពន្យល់ពួកគាត់ ហើយសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ ពួកគាត់នឹងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីឲ្យសន្លឹកឆ្នោតនោះជាសន្លឹកឆ្នោតបានការ ហើយក៏ជាសន្លឹកឆ្នោតដ៏សំខាន់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិទៅមុខបន្តទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបន្តចុះបង្រៀន និងពន្យល់ពលរដ្ឋតាមមូលដ្ឋាន ពីរបៀបគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យសន្លឹកឆ្នោតនោះ យកជាការបាន និងឆ្លើយតបផងដែរ ទៅជនខិលខូចមួយចំនួន ដែលបន្លំខ្លួនធ្វើជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ណែនាំឲ្យពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោតខុស ៕
អត្ថបទ៖ លោក ញ៉ឹប បូរី