(អាមេរិច)៖ ភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាទឹកជំនន់ភ្លាមៗ បានវាយប្រហារភាគឦសានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទទី១០ខែកក្កដា ខណៈស្រ្តីម្នាក់ ត្រូវបាត់បង់ជីវិត។ សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកជាង១៣លាននាក់ ត្រូវរងគ្រោះ ហើយមានការព្រមានចាប់ពីរដ្ឋ New York នៅភាគខាងកើត រហូតដល់ទីក្រុង Boston និងរដ្ឋ Maine នៅភាគឦសាន។
ស្របពេលជាមួយគ្នានោះ សេវាព្យាករណ៍ឯកជន AccuWeather បានប៉ាន់ប្រមាណការខូចខាត និងការខាតបង់សេដ្ឋកិច្ចជាបឋម ចន្លោះពី៣ពាន់លានទៅ៥ពាន់លានដុល្លារអាមេរិក។ ដោយឡែក ជើងហោះហើរជាង១០០០ ទៅនិងមកអាកាសយានដ្ឋានទូទាំងតំបន់ ត្រូវបានពន្យារពេល ឬលុបចោលតែម្តង កាលពីថ្ងៃចន្ទ ដោយសារភ្លៀងធ្លាក់ខ្លាំង។ រីឯក្រុមហ៊ុន Amtrak វិញ បានផ្អាកសេវាកម្មរថភ្លើងដឹកអ្នកដំណើរនៅទីក្រុង Albany បន្ទាប់ពីទឹកជំនន់ បណ្តាលឲ្យខូចខាតផ្លូវដែក។ សូមបញ្ជាក់, New York និង Vermont គឺជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ ដោយសេវាកម្មបាននិយាយថា ភ្លៀងធ្លាក់កាន់តែច្រើន នឹងកើតឡើងពេញមួយយប់ ឈានដល់ថ្ងៃអង្គារ ដែលបង្កើតឲ្យមានជំនន់ទឹកភ្លៀង។ អ្នកឧតុនិយមចាត់ទុកថា នេះជា “ព្រឹត្តិការណ៍ភ្លៀងធ្លាក់ខ្លាំង កើតឡើងតែម្តងគត់ ក្នុងរយៈពេល១០០០ឆ្នាំ”៕