(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ ក្រសួង បរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍ តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង នៅក្នុងខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វ ព្រៃភ្នំឱរ៉ាល់ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា «ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជា គោលដៅ ទេសចរណ៍ល្អឯក ប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់ តូបលក់ម្ហូបអាហារ ខ្យុសអង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភណភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្ត ឱ្យកាន់តែច្រើនទ្បើងថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូច ជាការកាត់បន្ថយការពឹង អាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។
យ៉ាងណាមិញ ការរៀបចំហេដ្ឋារចសម្ព័ន្ធក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ ជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូល រួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា សមិទ្ធផលនៃការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទា ទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ភូមិដំណាក់អំពិល ភូមិអូរល្ពៅ និងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់៕