(ស្ទឹងត្រែង)៖ បន្លែបង្ការនិងសត្វចិញ្ចឹម របស់កសិករនៅស្រុកសេសានមានទីផ្សារបញ្ជាទិញច្រើននៅឆ្នាំ២០២៣នេះ ហើយអាជ្ញាធរស្រុកបានលើកទឹកចិត្តឱ្យកសិករបង្កើនការដាំដុះនិងចិញ្ចឹមសត្វបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ ក្នុងឱកាសចុះពិនិត្យសួនបន្លែគ្រួសារកសិករនៅឃុំសាមឃួយស្រុកសេសានខេត្តស្ទឹងត្រែង ថ្ងៃទី១០ខែកក្កដា លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកបានបញ្ជាក់ថា៖ កត្តានេះបានជំរុញឱ្យកសិកររៀបចំផែនការដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ ជ្រូក មាន់ ទា ដែលជាមុខរបររួមផ្សំមួយបន្ថែមទៀត បន្ទាប់ពីការងារធ្វើស្រែចម្ការ ព្រោះបើយើងពឹងផ្អែកទៅលើការទៅរកបន្លែផ្លែឈើពីព្រៃមក និងការចុះទូកទៅនេសាទ វាមិនថិតថេរបានតាមតម្រូវការដែលចង់បានទេ។
លោកបន្តថា៖បងប្អូននៅតាមបណ្តាឃុំ ធ្លាប់ទទួលបានការបណ្តុះ បណ្តាលបច្ចេកទេសពីអង្គការដៃគូ និងមន្ត្រីជំនាញផ្នែកកសិកម្មជួយបង្ហាត់បង្រៀនរួចមកហើយ ចំណែកកសិករខ្លះទទួលបានគ្រាប់ពូជបន្លែ បង្ការសម្រាប់យកទៅដាំដុះផងដែរ។ ” ក្នុងនាមរដ្ឋបាលស្រុក សំណូមពរឱ្យបងប្អូន ទីមួយគឺប្រើប្រាស់ឱ្យអស់សក្តានុពលដី- ទី២ការដាំដុះបន្លែបង្ការកុំដាំដុះ តាមដែលយើងចង់ដាំ គឺដាំតាមស្ថានភាពទីផ្សារដែលចង់បាន ឧទាហរណ៍ថារដូវដាំសាលាដ មួយភូមិមួយស្រុកដាំតែសាលាដ អ៊ីចឹងក៏ធ្វើឱ្យទីផ្សារចាល់តែម្ដង គឺលើសពីតម្រូវការដែលគាត់ចង់បាន អ៊ីចឹងសូមដាំដំណាំទាំងឡាយណា ដែលបងប្អូនប្រជាជន ឬ អាជីវករគាត់ចង់បាន”។ លោកស្រីថនឡូវ កសិករដាំបន្លែនៅឃុំសាមឃួយបានបញ្ជាក់ថា៖ការដាំបន្លែបង្ការ ចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារនេះ មិនអាចបំពេញតម្រូវការទីផ្សារដែលចង់បានទេ ព្រោះពួកគាត់ដាំដុះគ្រាន់តែបរិភោគ ហើយនៅសល់ទើបយកទៅលក់តែប៉ុណ្ណោះ ។
លោកស្រីមានបំណងចង់ពង្រីកមុខរបរកសិកម្មឱ្យបានធំដុំនឹងគេដែរ តែគ្មានលទ្ធភាព ព្រោះប្រាក់ចំណូលបានពីលក់បន្លែបង្ការមក គ្រាន់តែដោះស្រាយជីវភាពប្រចាំថ្ងៃ ចំណែកសម្ភារៈពង្រីកការដាំដុះនៅខ្វះខាតនៅឡើយ ។ សំឡេង៖” ចាចង់បានអាផ្ទះគេដាក់សំណាញ់នឹងណាស់ ហើយនឹងទុយោអី ព្រោះថវិកាក៏តិច ដាក់នៅទីនោះរហូតមក កែច្នៃទៅបានម្ដងបន្តិចម្ដងបន្តិចទៅណា ចង់បានផ្ទះនឹងគេ ឃើញអង្គការគាត់មកជួយឃើញគេបានចង់បានដែរ តែអត់ហ៊ានសុំ ខំធ្វើខ្លួនឯងទៅ ឱ្យគាត់មើលឃើញខ្លួនឯងទៅ ខ្ញុំខំបញ្ចេញសមត្ថភាពប៉ុន្មានឱ្យគាត់មើល ឃើញទៅ គាត់ជិះឡានរហូតឱ្យគាត់មើលឃើញទៅឱ្យគាត់មកជួយផង”។ លោកស្រីខាវខាំអន មេឃុំសាមឃួយបានបញ្ជាក់ថា៖ដំណោះស្រាយនេះកន្លងមកមន្ត្រីអង្គការដៃគូ និងមន្ត្រីគម្រោងសិប្បកម្ម កម្ពុជានៃមន្ទីរកសិកម្ម ចុះមកពិនិត្យនិងវាយតម្លៃកសិករ ដាំបន្លែជាអាជីព ។
លោកស្រីថា៖ការវាយតម្លៃនេះគឺកសិករមានដី មានប្រភពទឹក និងមានកម្លាំងពលកម្មគ្រប់គ្រាន់ ទើបផ្តល់ផ្ទះសំណាញ់ឱ្យ ព្រោះកន្លង មក មានកសិករមួយចំនួន ទទួលបានផ្ទះសំណាញ់ហើយ ទុកចោលមិនបានដាំដុះតាមការណែនាំទេ ។ សូមបញ្ជាក់ថា៖នៅក្នុងឃុំសាម ឃួយមានកសិករប្រមាណ៨៥% បន្ទាប់ពីធ្វើស្រែចម្ការបានដាំបន្លែ បង្ការនិងចិញ្ចឹមសត្វជាលក្ខណ: គ្រួសារ ក្រៅពីនោះប្រកបរបរលក់ដូរ រកប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ដែលជាផ្នែកមួយបានកាត់បន្ថយ ទៅលើការពឹង ផ្អែកផលអនុផលព្រៃឈើនិងការចុះទូកធ្វើនេសាទដែលនាំឱ្យមានហានិភ័យ ៕