(អ៊ីស្រាអ៊ែល)៖ ប្រជាជនអ៊ីស្រាអ៊ែលរាប់ម៉ឺននាក់បាននាំគ្នាប្រមូលផ្តុំការតវ៉ាសារជាថ្មី នៅតាមដងផ្លូវក្នុងទីក្រុងថេឡវី (Tel Aviv) កាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីបង្ហាញការប្រឆាំងចំពោះផែនការកំណែទម្រង់ច្បាប់ស្តីពីប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ដោយការតវ៉ា បានឈានចូលដល់សប្តាហ៍ទី២៧ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu សម្រេចពន្យាដំណើរការអនុម័តច្បាប់ដ៏ចម្រូងចម្រាសជាបណ្តោះអាសន្ន។
ការតវ៉ារបស់ពលរដ្ឋអ៊ីស្រាអ៊ែល បានកើតឡើងនៅមួយថ្ងៃបន្ទាប់ពីសមាជិកសភាអីស្រាអ៊ែលចាប់ផ្តើមដំណើរការពិភាក្សាទៅលើសេចក្ដីស្នើច្បាប់របស់រដ្ឋាភិបាល ជុំវិញគោលបំណងរឹតត្បិតដែនអំណាចរបស់ស្ថាប័នតុលាការកំពូល និងកែប្រែរចនាសម្ព័ន្ធគ្រប់គ្រងមួយចំនួនផ្សេងទៀតនៅក្នុងស្ថាប័នយុត្តិធម៌ ដែលញាំងឱ្យមានការរិះគន់ខ្លាំងៗពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនិងប្រជាពលរដ្ឋទូទៅ។ ក្រុមអ្នកតវ៉ាបាននាំគ្នាគ្រវីទង់ជាតិអ៊ីស្រាអ៊ែល និងស្រែកបន្ទរដោយជំរុញឱ្យមានការលើកកម្ពស់ “គោលការណ៍លទ្ធិប្រជាធិបតេយ្យ” និងប្តេជ្ញាចិត្តបន្តធើ្វការប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យរដ្ឋាភិបាលទម្លាក់ចោលទាំងស្រុងនូវផែនការកំណែទម្រង់ច្បាប់របស់ខ្លួន ។ គួរបញ្ជាក់ថា សកម្មភាពតវ៉ាប្រឆាំងដ៏ខ្លាំងក្លារបស់ពលរដ្ឋអ៊ីស្រាអ៊ែលនាពេលកន្លងមក បានបង្ខំឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Netanyahu សម្រេចផ្អាកដំណើរការអនុម័តច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការរបស់ខ្លួននៅក្នុងខែមីនា ហើយអនុញ្ញាតឱ្យមានការជជែកដេញដោលគ្នាស៊ីជម្រៅជាមួយក្រុមអ្នកនយោបាយបក្សប្រឆាំង។ យ៉ាងណាមិញ កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បានហៅការជជែកវែកញែកគ្នាទាំងនោះថាជារឿងឥតប្រយោជន៍ ដោយបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធត្រូវត្រៀមខ្លួនសម្រាប់ដំណើរការអនុម័តបទប្បញ្ញត្តិច្បាប់មួយចំនួនឡើងវិញ ខណៈក្រុមអ្នកនយោបាយប្រឆាំងបានចាត់ទុកខ្លឹមសារច្បាប់ថ្មីខាងលើនេះថាជាច្រកទ្វារនៃអំពើពុករលួយនៅក្នុងប្រទេសសម្រាប់ថ្ងៃអនាគត ៕