(ឥណ្ទា) ៖ ភ្លៀងធ្លាក់ខ្លាំងអំឡុងរដូវមូសុងរស្សា បានបង្កជាជំនន់ជន់លិចតំបន់ភាគខាងជើងប្រទេសឥណ្ឌា កាលពីចុងសប្តាហ៍នេះ ។ក្នុងនោះដែរ បន្ទាប់ពីទឹកទន្លេហ្គាងហ្គា (Ghaggar) បានជន់លិចដោយសារតែជំនន់ទឹកភ្លៀងក្នុងរដូវមូសុងវស្សា កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិឥណ្ឌា ក៏ចេញប្រតិបត្តិការជួយសង្គ្រោះប្រជាជនយ៉ាងហោចណាស់ ៨០ នាក់ ស្ថិតនៅក្នុងតំបន់ភូមិដេរ៉ាបាស៊ី (Dera Bassi) នៅក្នុងស្រុកម៉ូហាលិ (Mohali) ភាគខាងជើងប្រទេសឥណ្ឌា ។
ដំណាលគ្នានេះ តាមរយៈសេចក្តីរាយការណ៍ពីអាជ្ញាធរនានា បានឱ្យដឹងថា យ៉ាងតិចមានមនុស្សចំនួន១៥នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ខាងលើ ។ ទោះជាយ៉ាងណាក៏ដោយ រដូវមូសុងវស្សា បានក្លាយជាចរន្តសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ៣ពាន់ពាន់លានដុល្លារ សម្រាប់ប្រទេសឥណ្ឌា ដោយផ្តល់ទឹកសម្រាប់តម្រូវការជាច្រើនដល់កសិដ្ឋាននានា និងបំពេញទឹកដល់អាងស្តុកទឹក នឹងបង្កើនបរិមាណទឹកដល់ប្រភពទឹកនៅក្នុងដី ដោយកាត់បន្ថយផលប៉ះពាល់ដោយសារតែរដូវក្តៅ ។
គួរបញ្ជាក់ថា ជាធម្មតាសម្រាប់រដូវកាលនេះ ភ្លៀងធ្លាក់នៅរដ្ឋកេរ៉ាឡា (Kerala) ស្ថិតនៅឯឆ្នេរសមុទ្រភាគនិរតីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១ ខែមិថុនា ហើយទឹកភ្លៀងក៏រំកិលទៅគ្របដណ្តប់ភាគខាងជើងប្រទេស នៅត្រឹមថ្ងៃទី៨ ខែកក្កដា ៕