(កីឡាជាតិ)៖ ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) រកបាន៣ពិន្ទុដំបូងរបស់ខ្លួន នៅក្នុងពូល A នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍នារីអាយុក្រោម១៩ឆ្នាំ ឆ្នាំ២០២៣ (AFF U19 Women’s Championship 2023) បន្ទាប់ពីបានយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ២ទល់១ កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijaya ទីក្រុង Palembang ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ កីឡាការិនី Chinda Sihalath របស់ក្រុមឡាវបានទាត់បញ្ជូលទី១គ្រាប់បើកការនាំមុខ ១ទល់០ លើក្រុមកម្ពុជា ដែលធ្វើសម្រេចនៅនាទីទី៣ ប៉ុន្តែនៅនាទីទី២១ កីឡាការិនី ឈិត សាភឿន របស់កម្ពុជាធ្វើសម្រេចតាមស្មើ ១ទល់១វិញ រហូតដល់បញ្ចប់ការប្រកួតនៅវគ្គទី១។ ចូលវគ្គទី២ កីឡាការិនី ឈិត សាភឿន ធ្វើសម្រេចបានគ្រាប់ទី២ ដោយលទ្ធផល ២ទល់១ នៅនាទីទី ៦២។ ជ័យជម្នះនេះធ្វើឱ្យក្រុមកម្ពុជារកបាន ៣ពិន្ទុ។ ចំពោះ១ប្រកួតទៀត ក្នុងពូល A កាលពីល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះដែរ ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ីបានយកឈ្នះក្រុមទីម័រខាងកើត ក្នុងលទ្ធផល ៧ទល់០ ដោយធ្វើឱ្យក្រុមខ្លាំងម្ចាស់ផ្ទះប្រចាំពូលA មួយនេះរកបាន៣ពិន្ទុ និងឈរលេខ១ លើកំពូលតារាងបណ្តោះអាសន្ន ខណៈក្រុមកម្ពុជាឈរនៅលេខ២បណ្តោះអាសន្ន។ ដោយឡែក២ប្រកួតទៀតរបស់ក្រុមកម្ពុជានឹងត្រូវប៉ះជាមួយក្រុមទីម័រខាងកើត វេលាម៉ោង ១៥:៣០ រសៀល ថ្ងៃទី០៧ ខែកក្កដា និងចុងក្រោយប៉ះជាមួយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី នាវេលាម៉ោង ១៩:៣០នាទីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់នារីអាយុក្រោម ១៩ឆ្នាំ (AFF U19 Women’s Championship 2023) នៅប្រទេសឥណ្ឌូណេស៊ី នឹងត្រូវចាប់ផ្តើមប្រកួត ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះមាន១០ក្រុមចូលរួម និងបានបែងចែកជា៣ពូល ក្នុងនោះ ពូល A មានកម្ពុជា ឥណ្ឌូណេស៊ី ឡាវ ទីម័រខាងកើត ខណៈពូល B រួមមាន៖ ក្រុមវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី រីឯពូល C រួមមាន៖ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។
គួរបញ្ជាក់ថា យោងតាមរូបមន្តប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានកំណត់ថា នៅក្នុងចំណោម១០ក្រុម ដែលចែកចេញពី៣ពូលនេះ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះសន្សំពិន្ទវិលជុំក្នុងពូលរួចហើយ គឺក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ១នៃពូលទាំង៣ស្មើនឹង៣ក្រុមនឹងត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ១ក្រុមទៀត ជាក្រុមលេខ២ល្អផ្តាច់គេនឹងបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ជ័យលាភីលេខ១ ប្រចាំពូល B នឹងត្រូវក្រុមលេខ១ មកពីពូល C ខណៈលេខ១ប្រចាំពូល A នឹងត្រូវប៉ះគ្នាជាមួយក្រុមលេខ២ល្អផ្តាច់គេ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ចំពោះក្រុមឈ្នះៗ២ក្រុមនៃវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នា នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯក ខណៈ២ក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយ២ប្រកួតចុងក្រោយនេះនឹងត្រូវធ្វើឡើងនៅល្ងាចវេលាម៉ោង ៣:៣០នាទី និងម៉ោង៧:៣០នាទីយប់ថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២៣ នៅកីឡដ្ឋាន Gelora Sriwijayaទាំង២ប្រកួតតែម្តង៕