(ហ្សកហ្ស៊ី) ៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសយុវជនអាយុក្រោម២១ឆ្នាំ (U-21) បានឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបយុវជនអាយុក្រោម២១ឆ្នាំ ឬ UEFA Euro U-21 ជាលើកដំបូងក្រោយខកខានអស់រយៈពេល១៤ឆ្នាំ បន្ទាប់ពីបានយកឈ្នះក្រុម U-21 អ៊ីស្រាអែល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលទ្ធផល ៣-០ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro U-21 ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកីឡដ្ឋាន Adjarabet Arena មានមូលដ្ឋានក្នុងទីក្រុងបាទូមី ប្រទេសហ្សកហ្ស៊ី ដោយក្នុងនោះ កីឡាករ Morgan Gibbs-White, Cole Palmer និង Cameron Archer គឺជាអ្នកសម្រេចគ្រាប់ជ័យជម្នះសម្រាប់ក្រុម U-21 អង់គ្លេស ដើម្បីនាំក្រុមលោក Lee Carsley ឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ក្រោយខកខានអស់ពេល១៤ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០៩។ក្រុម U-21 អង់គ្លេស នឹងត្រូវតទល់ជាមួយនឹងក្រុម U-21 អេស្ប៉ាញ ដែលបានយកឈ្នះលើក្រុម U-21 អ៊ុយក្រែន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ៥-១ ដើម្បីដណ្តើមតំណែងជើងឯកពានរង្វាន់ Euro U-21 2023 ដែលជំនួបនេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ នៅឯកីឡដ្ឋាន Adjarabet Arena។ពានរង្វាន់ UEFA Euro U-21 ត្រូវបានបង្កើតឡើងលើកដំបូងនៅក្នុងឆ្នាំ ១៩៧៨ គិតមកទល់ពេលនេះ មានរយៈពេល៤៥ឆ្នាំហើយ ដោយក្នុងនោះ អង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៣ដងរួចមកហើយ និងឈ្នះជើងឯក ២ដងផងដែរ។ ចំណែកអេស្ប៉ាញឈានដល់វគ្គផ្តាច់ព្រ័ត្រ ៨ដង និងឈ្នះជើងឯក ៥ដង និងជាប្រទេសឈ្នះជើងឯកច្រើនជាងគេ ស្មើគ្នាជាមួយនឹងអ៊ីតាលី៕