(រុស្សី)៖ ទីក្រុងមូស្គូនិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ីគឺមិនអាចទៅរួចឡើយបើគ្មានជំនួយពីសហរដ្ឋអាមេរិក និងអង្គការណាតូ។ យោងតាមទីក្រុងមូស្គូ, លោកខាងលិច បានបើកដៃឲ្យអ៊ុយក្រែន ធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយនោះគឺជា “អំពើភេរវកម្ម” យ៉ាងពិតប្រាកដ។
ស្របពេលជាមួយគ្នានោះ ក្រសួងការបរទេសរុស្ស៊ី គូសបញ្ជាក់ថា លោកខាងលិចកំពុងបណ្តុះបណ្តាលអ្នកបញ្ជាយន្តហោះគ្មានមនុស្សបើក ហើយផ្តល់ការណ៍សម្ងាត់ ដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ។ នេះគឺជាការវាយប្រហារចុងក្រោយបង្អស់ ពីសំណាក់យន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូ ដាក់ការស្តីបន្ទោសទៅលើប្រទេសអ៊ុយក្រែន។ យោធារុស្ស៊ីនិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង ហើយថា មិនមានការខូចខាត ឬគ្រោះថ្នាក់អ្វីនោះទេនៅក្នុងប្រទេសរុស្ស៊ី។ កាលពីដើមខែឧសភា យន្តហោះគ្មានមនុស្សបើកចំនួន៣គ្រឿង ត្រូវបានបាញ់ទម្លាក់លើវិមានក្រឹមឡាំង ហើយក្រោយមកក្នុងខែដូចគ្នានោះ ដ្រូនបន្ថែមទៀតបានវាយប្រហារអគារខ្ពស់ៗនៅទីក្រុងមូស្គូ៕