ការលាងឈាម គឺអនុវត្តតែលើប្រភេទអ្នកជំងឺដែលមានតម្រងនោមខ្សោយខ្លាំង ឬមិនដំណើរការ ហើយភាគច្រើន គឺកើតចំពោះអ្នកមានបញ្ហាតម្រងនោមរុំារៃ ជំងឺទឹកនោមប្រៃ ទឹកនោមផ្អែម លើសសម្ពាធឈាម ឬស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ដែលទូទៅគឺលើមនុស្សវ័យចំណាស់ ប៉ុន្តែចំពោះក្មេងក៏មានបញ្ហាខ្សោយតម្រងនោម និងតម្រូវឲ្យលាងឈាមផងដែរ។
នេះជាបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសផ្នែកតម្រងនោមនិងលាងឈាម បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែ ។
លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ បញ្ជាក់ថា បញ្ហាតម្រងនោមខ្សោយ មិនមែនជាជំងឺពីកំណើតទេ ហើយក៏មិនមែន ជាជំងឺតំណពូជដែរ តែការខ្សោយតម្រងនោម អាចកើតមាននៅពេលណាមួយក្នុងជីវិតរបស់មនុស្ស។ វេជ្ជបណ្ឌិតឯកទេសផ្នែកតម្រងនោម និងលាងឈាមរូបនេះ អះអាងថា សូម្បីតែក្មេងក៏អាចកើតមានបញ្ហាខ្សោយ តម្រងនោម ដល់ថ្នាក់ត្រូវលាងឈាម គ្រាន់តែស្ថិតក្នុងកម្រិតតិចជាងមនុស្សចាស់ប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិតក៏បានណែនាំផងដែរ សម្រាប់អ្នកដែលមានជំងឺត្រូវលាងឈាម គឺត្រូវតមទទួលទានប្រៃ និងប្រយ័ត្នខ្ពស់ចំពោះអាហារណាដែលមានសារជាតិបូតាស្យូម ដែលសារជាតិទាំងនេះ ភាគច្រើនគឺសម្បូរនៅក្នុងបន្លែផ្លែឈើ ពិសេស ចេក និងទឹកដូង ព្រោះការទទួលទានជាតិបូតាស្យូមនេះច្រើន នឹងបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ការលាងឈាម គឺជាដំណាក់កាលនៃការជួយស្តារសុខភាពតម្រងនោមអ្នកជំងឺ ឲ្យដំណើរការឡើងវិញ ក៏ដូចជាបញ្ចុះសារជាតិពុលក្នុងសារពាង្គកាយប៉ុណ្ណោះ មិនមែនមានន័យថា “ជាដំណាក់កាលចុងក្រោយនៃជីវិតឡើយ”៕