ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិការបក្ស ជាង ២០០នាក់ នៅភូមិភ្នំក្រិញ, ភូមិអន្លង់រក្សា, ភូមិអូរកន្ធៀងវ៉ា និងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នាឱកាសចុះផ្សព្វផ្សាយគោលនយោបាយបក្ស និងសំណេះសំណាលជាមួយសមាជិក សមាជិការ ឯកឧត្តម អ៊ី ឈាន បេក្ខជនតំណាងរាស្ត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍកសាងសមិទ្ធផលនានាបន្ថែមទៀត ទៅលើសមិទ្ធផលជាច្រើនរាប់មិនអស់ របស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបេក្ខជនតំណាងរាស្ត្រ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ ដែលដឹកនាំដោយបនប្រល័យពូជសាសន៍ ប៉ុល ពត ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានធ្វើការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាខេត្តប៉ៃលិន ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ និងជាទឹកដីទទួលបានការអភិវឌ្ឍន៍ក្រោយគេយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម ព្រមទាំងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផុសឡើងជាបន្តបន្ទាប់ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
បើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា៖ ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ហើយគណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕
អត្ថបទ៖ លោក ញ៉ឹប បូរី