(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច (CSS) ដើម្បីបន្ថែមភាពងាយស្រួល ក្នុងការទូទាត់ឆ្លងគ្រឹះស្ថានតាមបណ្ណឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដកលុយ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានជាសមាជិក។ ពិធីសម្ពោដាក់ឲ្យដំណើរការជាផ្លូវការ ប្រព័ន្ធខេមបូឌានស៊ែស្វីច រៀបចំឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ លោកស្រី ជា សិរី បានថ្លែងថា ក្នុងនាមធនាគារជាតិនៃកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានសមាជិកប្រព័ន្ធ ដែលបានអភិវឌ្ឍប្រព័ន្ធនេះ ឡើងដើម្បីជាមធ្យោបាយងាយស្រួល សម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីន ATM និង POS របស់គ្រឹះស្ថានសមាជិក និងជា Local Switch សម្រាប់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់ផងដែរ។
ប្រតិបត្តិការទូទាត់ឌីជីថល មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការដាក់ឱ្យប្រើប្រាស់សេវា និងឧបករណ៍ទូទាត់ថ្មីៗ ដោយគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ដូចជា សេវាធនាគារចល័ត ប័ណ្ណទូទាត់ contactless ប័ណ្ណទូទាត់និមិត្ត ការទូទាត់ចល័ត និងការទូទាត់តាមឃ្យូអរកូត ដែលកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារ បង្ហាញពីសញ្ញាវិជ្ជមាន ឆ្ពោះទៅរកបដិវត្តកម្មសេដ្ឋកិច្ច ឌីជីថលក្នុងប្រទេស និងពិភពលោក។
លោកស្រីបន្ថែមថា «ការអភិវឌ្ឍប្រព័ន្ធ CSS ជាគំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលប្រតិបត្តិការទូទាត់សងប្រាក់ តាមរយៈប័ណ្ណទូទាត់នៅប្រទេសកម្ពុជា ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការ តាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន ATM ដូចជាការដកសាច់ប្រាក់ ការពិនិត្យសមតុល្យ ការបោះពុម្ភរបាយការណ៍សង្ខេប ការប្រើប្រាស់សេវាទូទាត់រហ័ស និងការប្តូរលេខសម្ងាត់។ ទន្ទឹមនេះអតិថិជនក៏អាចធ្វើប្រតិបត្តិការ តាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន POS ដូចជា ការទិញទំនិញ ការពិនិត្យសមតុល្យ ការដកសាច់ប្រាក់ ការបញ្ជូនមូលនិធិ ត្រលប់មកវិញ និង Purchase reversal»។
បន្ថែមពីនេះការអនុញ្ញាតឱ្យគ្រឹះស្ថានផ្តល់សេវា ទូទាត់សងប្រាក់ចូលរួមជាសមាជិកប្រព័ន្ធ CSS នឹងរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុ កាន់តែមានភាពងាយស្រួល និងទូលំទូលាយ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ប្រព័ន្ធ ខេមបូឌាន ស៊ែស្ទិច ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុទាំងមូល តាមរយៈការពង្រីកវិសាលភាពប្រតិបត្តិការ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
លោកបានបន្ថែមថា «ប្រព័ន្ធ ខេមបូឌាន ស៊ែស្ទិច បានផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលយ៉ាងច្រើនដល់អតិថិជន ក្នុងការធ្វើប្រតិបត្តិការអន្តរធនាគារ ដោយអនុញ្ញាតឱ្យអតិថិជនដែលមានកាត ATM ទូទាត់ការចំណាយជាមួយម៉ាស៊ីនឆូតកាត (POS) ជាមួយគ្រប់គ្រឹះស្ថានជាសមាជិក ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ បន្ថែមលើនេះ អតិថិជនក៏អាចធ្វើប្រតិបត្តិការតាមម៉ាស៊ីន ATM រាប់ពាន់កន្លែងរបស់គ្រឹះស្ថាន ជាសមាជិកប្រព័ន្ធខេមបូឌាន ស៊ែស្វីចនៅទូទាំងប្រទេស ប្រតិបត្តិការទាំងនោះរួមមាន សេវាដកប្រាក់ផ្ទេរប្រាក់អន្តរធនាគារពិនិត្យសមតុល្យគណនី និងពិនិត្យរបាយការណ៍ហិរញវត្ថុសង្ខេបតាមម៉ាស៊ីន ATM ជាដើម»។ តាមរយៈបណ្ដាញម៉ាស៊ីន ATM យ៉ាងទូលំទូលាយរបស់គ្រឹះស្ថានទាំងអស់ ជាសមាជិកប្រព័ន្ធខេមបូឌានស៊ែស្វីចអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមជនប ទអាចប្រើប្រាស់សេវាធនាគារបានទូលំទូលាយ ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោក ចរ សុភាព ប្រធានគណៈកម្មាធិការទូទាត់នៃសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការដាក់ឲ្យដំណើរការប្រព័ន្ធខេមបូឌានស៊ែស្វីច បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ នឹងបានចូលរួមលើកកម្ពស់ ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។ ប្រព័ន្ធ CSS ក៏បានចូលរួមចំណែកទប់ស្កាត់ នូវការកើតឡើងជាយថា ហេតុដូចជា ការទទួលបាននូវសាច់ប្រាក់ក្លែងក្លាយ រហែក ប្រឡាក់ និងក្រដាសប្រាក់ ដែលមានបញ្ហាផ្សេងៗ ជាច្រើនទៀត ប្រព័ន្ធ CSS ក៏នឹងជួយឱ្យអ្នកប្រើប្រាស់ចំណេញពេលវេលា មានទំនុកចិត្ត និងមានសុវត្ថិភាព ដោយអតិថិជនទាំងអស់អាចធ្វើការទូទាត់ ពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន មានទាំងធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិកចូលរួមទាំងអស់នៅទូទាំងប្រទេស៕