ប៉ៃលិន៖ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលប៉ៃលិន បានដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួនជាង ២០០នាក់ នៅភូមិទំនប់ ភូមិទួលខ្ពស់ ភូមិស្ទឹងត្រង់ និងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលជាថ្ងៃទី០៤ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។
នាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានសង្គ្រោះជាតិ និងជីវិតប្រជាជន ពីរបបប្រល័យពូជសាសន៍នៃបនឃោរឃៅផុតលេខ (ឆ្នាំ១៩៧៥ ដល់ ១៩៧៩) ដោយបានទទួលជ័យជម្នះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ហើយបើគ្មានគណបក្សប្រជាជនកម្ពុជា និងអ្នកតស៊ូ ដែលបានពលី លះបង់សាច់ស្រស់ ឈាមស្រស់ ដែលជាសមាជិកគណបក្សដ៏អង់អាចទេនោះ មិនមានការអភិវឌ្ឍដូចថ្ងៃនេះឡើយ ។
ឯកឧត្តម បេក្ខជនតំណាងរាស្ត្រ បានមានប្រសាសន៍បញ្ជាក់ថា៖ មកដល់ថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ដែលមានកំណើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន បានប្រឹងប្រែងអស់សមត្ថភាព ប្រាជ្ញាស្មារតី បម្រើប្រជាជន ការពារបានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទូទាំងប្រទេស ដូច្នេះសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ទាំង សមាជិកគណបក្សប្រជាជនចាស់ និងសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលទើបមកពីគណបក្សដ៏ទៃទៀត បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីបានបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងបន្តគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត់ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍ជំរុញឱ្យក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ និងគណបក្សស្រុក គណបក្សឃុំ គណបក្សភូមិ ត្រូវសហការគ្នា ដើម្បីចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោត ហើយសមាជិក សមាជិកាបក្សទាំងអស់ ត្រូវត្រៀមលក្ខណៈ និងឯកសារបម្រើដល់ការបោះឆ្នោត (អត្តសញ្ញាណប័ណ្ណ ឬឯកសារ ឯ.អ) ដើម្បីទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ី ឈាន ក៍បានពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានធ្វើការបង្ហាញជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី