(ជប៉ុន)៖មន្ត្រីឧតុនិយមជប៉ុន កំពុងអំពាវនាវឲ្យប្រជាជននៅតំបន់ Kyushu ភាគខាងត្បូងប្រទេសជប៉ុន មានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់ ដោយភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកតំបន់នេះកាលពីចុងសប្តាហ៍ ដែលគ្រោងនឹងបន្តកើនឡើងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣។មន្ត្រីអាកាសធាតុបាននិយាយថា ផ្នែកខាងមុខត្រូវបានគេរំពឹងថានឹងនៅតែមាននៅជុំវិញតំបន់ Kyushu ដោយនាំមកនូវភ្លៀងច្រើនជាង ៥០មីលីម៉ែត្រក្នុង ១ម៉ោង។យោងតាមសារព័ត៌មាន NHK បានឲ្យដឹងថា ភ្លៀងធ្លាក់រហូតដល់ ៦៥មីលីម៉ែត្រ ត្រូវបានកត់ត្រាក្នុងរយៈពេល ១ម៉ោងនៅក្នុងខេត្ត Oita កាលពីព្រឹក ថ្ងៃចន្ទនេះ។
ប្រជាជនត្រូវបានគេជូនដំណឹងឲ្យប្រុងប្រយ័ត្នចំពោះការបាក់ដី ទឹកជំនន់នៅតំបន់ទំនាប ទន្លេហៀរប្រៀបច្រាំង រន្ទះ និងខ្យល់កន្ត្រាក់។ ពួកគេនិយាយថា នៅតំបន់ដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ ហានិភ័យនៃការរអិលបាក់ដី និងគ្រោះមហន្តរាយផ្សេងៗអាចនឹងកើនឡើង ខណៈដីទន់ដោយសារភ្លៀងធ្លាក់ខ្លាំង។ដោយឡែក កម្ដៅឡើងខ្លាំងនៅភាគខាងលិច ភាគខាងជើងប្រទេសជប៉ុន បានវាយប្រហារប្រទេសនេះមិនចាញ់ភាគខាងត្បូងដែលកំពុងរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងនោះទេ។
បើតាមសារព័ត៌មាន NHK រាយការណ៍ថា សីតុណ្ហភាពបានកើនឡើងនៅកន្លែងជាច្រើន ពីភាគខាងលិច ទៅភាគខាងជើងប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ហើយកម្ដៅដ៏ក្តៅនេះត្រូវបានគេរំពឹងថា នឹងបន្តនៅក្នុងតំបន់មួយចំនួនរួមមានតំបន់ Kinki និង Tokai នៅថ្ងៃចន្ទ សប្ដាហ៍នេះ។សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣៥អង្សាសេ នៅក្នុងទីក្រុងNara, Gifu, Nagoya និង ទីក្រុង Kofu ហើយនៅកណ្តាលទីក្រុងតូក្យូ នឹងជួបប្រទះសីតុណ្ហភាព ៣២អង្សាសេនៅថ្ងៃចន្ទ ដូចគ្នា។
យោងតាម NHK សីតុណ្ហភាពខ្ពស់នៅពេលរសៀល នាថ្ងៃអាទិត្យបានឡើងដល់ ៣៥.៣អង្សាសេ នៅទីក្រុងតូយ៉ូតា ដោយក្នុងខេត្ត Aichi មានសីតុណ្ហភាព ៣៥.១អង្សាសេ នៅទីក្រុង Shimanto ក្នុងខេត្ត Kochi និងនៅកណ្តាលទីក្រុងតូក្យូមានសីតុណ្ហភាព ៣១.៧អង្សាសេ។ ទាក់ទិននឹងបញ្ហានេះ ទូរទស្សន៍ជាតិបានរាយការណ៍ថា សីតុណ្ហភាពខ្ពស់ក៏អាចបណ្តាលឲ្យមានបរិយាកាសមិនស្ថិតស្ថេរ ហើយមន្ត្រីជំនាញកំពុងជំរុញឲ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕