ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងជាបេក្ខជនពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលប៉ៃលិន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ ។
ឯកឧត្តមបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ចំនួន ២០៤នាក់ នៅភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ នារសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី០២ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ។
ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាខេត្តប៉ៃលិន ជាទឹកដីទទួលបានសុខសន្តិភាពក្រោយគេ និងជាទឹកដីទទួលបានការអភិវឌ្ឍន៍ក្រោយគេយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានប្រែក្លាយទឹកដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់អភិវឌ្ឍន៍ និងតំបន់ពាណិជ្ជកម្ម ព្រមទាំងមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ផុសឡើងជាបន្តបន្ទាប់ ដូចជា៖ ផ្លូវ ស្ពាន សាលារៀន ការសិក្សាអប់រំ សុខភាពសាធារណៈ ប្រព័ន្ធទឹកស្អាត អគ្គិសនី ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមការងារ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណដល់សមាជិក សមាជិកា កម្លាំងយុវជន និងសកម្មជនទាំងអស់នៅក្នុងខេត្តទាំងអស់ ដែលបានធ្វើសកម្មភាពឃោសនា និងចុះជួបប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះបង្រៀនពលរដ្ឋពីរបៀបគូសសន្លឹកឆ្នោត ព្រមទាំងបង្ហាញនូវគុណតម្លៃ និងកិច្ចប្រឹងប្រែងកសាងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងគាំទ្រ ហើយទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះជូនគណបក្សប្រជាជនកម្ពុជាមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបម្រើប្រជាពលរដ្ឋ កសាងអភិវឌ្ឍន៍ជាតិឱ្យកាន់តែរីកចម្រើន និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរឡើង ៕
សូមបញ្ជាក់ថា៖ ក្នុងកម្មវិធីឃោសនារកសម្លេងឆ្នោតនោះដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យ ជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ ។
អត្ថបទ៖ លោក ញ៉ឹប បូរី