(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បង្ហើបជាថ្មីម្ដងទៀតអំពីកាលបរិច្ឆេទកោះប្រជុំសភាលើកដំបូង និងការបង្កើតរាជរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាបានទទួលជោគជ័យនោះ។ ក្នុងពិធីបន្តជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦ ៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្ដេចតេជោ ហុន សែន បានបង្ហើបឱ្យដឹងថា៖ «បន្ទាប់ពីការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០២៣ រដ្ឋសភានឹងកោះប្រជុំលើកដំបូង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជាអធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រ ហើយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើត»។
សម្ដេចតេជោបន្តថា មានកិច្ចការច្រើនណាស់ ព្រោះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ ត្រូវប្រជុំនៅដើមខែកញ្ញា ហើយនៅក្នុងខែកញ្ញានេះដែរ មហាសន្និបាតអង្គការសហប្រជាជាតិ ក៏ត្រូវតែនាយករដ្ឋមន្ត្រីថ្មីចូលរួមប្រជុំផងដែរ នៅដើមអាណត្តិ មិនថានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ឬនាយករដ្ឋមន្ត្រីបន្តវេនយ៉ាងណា គឺជារឿងមិនទាន់ធ្វើការសម្រេចចិត្ត។ សម្ដេចតេជោថ្លែងថា៖ «ប៉ុន្តែខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្ត្រី»។ សម្ដេចតេជោគូសបញ្ជាក់ថា គ្មានអ្នកណាមួយរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ បើទោះបីជា ហ៊ុន សែន មិនធ្វើជានាយករដ្ឋមន្ត្រី ក៏ប៉ុន្តែការគ្រប់គ្រងខាងផ្នែកនយោបាយ គឺនៅលើដៃ ហ៊ុន សែន ដដែល កុំមានការបារម្ភ ព្រោះក្នុងនាមជាប្រធានគណបក្សកាន់អំណាច។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យដឹងដែរថា ចុងឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិខួបលើកទី៧០ឆ្នាំ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ។ សម្ដេចតេជោបានអះអាងថា ការអាក់ខានកាលពីឆ្នាំកន្លងទៅ ដោយសារកម្ពុជាជាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មិនមែនរាជរដ្ឋាភិបាលខ្វះថវិកាដើម្បីរៀបចំនោះទេ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្នាំនេះសូមបញ្ជាក់ទុកជាមុន ឆ្នាំនេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យធំៗនៅចុងឆ្នាំនេះ នឹងមានពីរ ទី១៖បុណ្យឯករាជ្យជាតិ ខួបលើកទី៧០ឆ្នាំ ត្រូវតែធ្វើធំ ទី២ បុណ្យអុំទូកត្រូវតែធ្វើធំ។ ឆ្នាំកន្លងទៅយើងមិនបានធ្វើដោយសារជាប់ប្រជុំអាស៊ាន រហូតដល់មនុស្សមួយចំនួនគេថា រាជរដ្ឋាភិបាលខ្វះលុយ អត់ទេ ពេលនោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលប្រទេសច្រើនណាស់ មកចូលរួមប្រជុំយើងត្រូវទទួលបន្ទុក»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានណែនាំដល់គណៈកម្មការដែលរៀបចំការប្រកួតទូកង ត្រូវត្រៀមរៀបចំលក្ខណៈ និងជូនដំណឹងទៅទូទាំងប្រទេស ពិសេសកន្លែងដែលមានទូកចូលរួមប្រកួត។ សម្ដេចតេជោលើកឡើងថា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម និងអង្គរសង្ក្រាន្ដជាដើម៕