ជំងឺគ្រុនឈាម ជាមេរោគមួយដែលឆ្លងតាមរយៈមូសខ្លាញីដែលផ្ទុកមេរោគខាំ និងអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាជាកុមារ មនុស្សពេញវ័យ ឬ មនុស្សចាស់ឡើយ។ សម្រាប់មនុស្សពេញវ័យ គឺមានហានិភ័យគ្រោះថ្នាក់ដល់ជីវិតជាងកូនក្មេង អាស្រ័យលើកម្រិតនៃប្រភេទជំងឺនោះ។ នេះបើតាមការបញ្ជាក់របស់ Hello គ្រូពេទ្យ។
តើត្រូវកត់សម្គាល់បែបណាខ្លះពីអាការៈនៃជំងឺគ្រុនឈាម? ហើយតើគួរមានវិធីបង្ការដោយរបៀបណា?
ពិតណាស់ ជំងឺគ្រុនឈាមភាគច្រើនកើតឡើងលើមនុស្សក្នុងរដូវវស្សា ព្រោះជារដូវដែលសម្បូរភ្លៀង ក៏ជារដូវដែលសម្បូរមូសខ្លាផងដែរ ប្រសិនជាមនុស្សមិនមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ទេ ងាយនឹងកើតជំងឺនេះបំផុត។ ជំងឺគ្រុនឈាម មានអាការៈស្រដៀងទៅនឹងផ្តាសាយ ហើយត្រូវបានបែងចែកតាមប្រភេទនីមួយៗពីស្រាលទៅធ្ងន់ ដោយតម្រូវឱ្យមានការតាមដានខ្ពស់រយៈពេលមួយសប្តាហ៍ដល់១០ថ្ងៃ ពុំអាចធ្វេសប្រហែសបានឡើយអាចប៉ះពាល់ដល់អាយុជីវិតបាន។
ខាងក្រោមនេះ គឺជារោគសញ្ញា និងវិធីបង្ការនៃជំងឺគ្រុនឈាមដែលយកពី Hello គ្រូពេទ្យ៖
រោគសញ្ញាជំងឺគ្រុនឈាម គឺកើតឡើងដូចគ្នាលើអ្នកជំងឺគ្រប់វ័យ មិនថាជាកុមារ ឬ មនុស្សចាស់ឡើយ។
- ក្តៅខ្លួន ៣៩-៤០ អង្សារ
- ឈឺក្បាល ប្រឡង់ភ្នែក
- ក្អួត
- ឈឺពោះ
- ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង
- មុខក្រហម
- មានស្នាមអុចក្រហមលើស្បែក
- ហូរឈាមតាមអញ្ចាញធ្មេញ ឬស្បែក (ករណីធ្ងន់ធ្ងរ)
ករណីខាងលើនេះ អាចកើតឡើងបានគ្រប់ពេលកំឡុងមានជំងឺគ្រុនឈាម អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលជំងឺគ្រុនឈាមខុសពីផ្តាសាយ គឺនៅពេលដែលកម្តៅក្នុងខ្លួនក្តៅខ្លាំង លេបថ្នាំក៏នៅតែមិនបាត់ នោះលោកអ្នកត្រូវទៅរកគ្រូពេទ្យជាបន្ទាន់ ដើម្បីតេស្តឈាមមើលមេរោគនេះ។
វិធីសាស្ត្រក្នុងការបង្ការ
- កុំនៅកន្លែងងងឹត
- កំចាត់សម្បុក ឬ ទីតាំងដែលកើតមូស
- គេងចងមុង
- ស្លៀកខោអាវវែង និងជិត
- ការពារខ្លួនខ្ពស់ពីមូសខាំ។
យ៉ាងណាមិញ ជំងឺគ្រុនឈាមមិនអាចធ្វេសប្រហែសបានឡើយ អ្នកជំងឺគួរតែសម្រាកតាមដានជំងឺនៅមន្ទីរពេទ្យចន្លោះ ១សប្តាហ៍ ទៅ១០ថ្ងៃ និងធ្វើតេស្តឈាមតាមដានមេរោគជារៀងរាល់ថ្ងៃ ចៀសវាងមានបញ្ហាធ្ងន់ធ្ងរ ងាយនឹងបែកគ្រាប់ឈាម គ្រោះថ្នាក់ដល់ជីវីតបំផុត។
តាមរបាយការណ៍របស់ WHO ជុំវិញនឹងថ្នាំព្យាបាលជំងឺនេះ គឺនៅមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ពោលគឺព្យាបាលតាមអាការៈដែលកើតឡើងប៉ុណ្ណោះ។ ចំណែកតំបន់អាស៊ីវិញ មានផ្ទុកជំងឺនេះរហូតដល់ ៧០%៕