(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋស្តីពីកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ដែលប្រព្រឹត្តទៅនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ស្ថិតក្រោមអធិបតីលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន និងលោក លី ស៊ុងហ៊ី អភិបាល នៃគណៈអភិបាលក្រុងប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង នាយក/នាយករងរដ្ឋបាលក្រុង ប្រធាន/អនុប្រធានការិ. មន្ត្រីសាលាក្រុង អធិការនគរបាលក្រុង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ទាំង៤ ប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៤ មេភូមិ/អនុភូមិ គ្រូបង្រៀន តំណាងអង្គការសង្គមស៊ីវិលក្នុងក្រុង និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ/សង្កាត់ នៃក្រុងប៉ៃលិន សរុបចំនួន៣០០ នាក់។
លោក លី ស៊ុងហ៊ី អភិបាលក្រុងប៉ៃលិន មានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុង បានផ្តល់ឱកាស ដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមក្នុងការផ្តល់មតិយោបល់ ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្ត នាពេលខាងមុខរបស់រដ្ឋបាលក្រុងប៉ៃលិន ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតប បានទាន់ពេលវេលា ពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយ ឲ្យកាន់តែល្អប្រសើរ ស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ ។ ជាមួយនេះ លោកអភិបាលក្រុងប៉ៃលិន ក៏បានឆ្លើយបំភ្លឺ និងដោះស្រាយ នូវសំណូមពរមួយចំនួន ដែលបានលើកឡើង ដោយប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា រួមមានការស្នើសុំជួសជុលផ្លូវ លូរំដោះទឹក បញ្ហាអគ្គិសនី ការផ្ដល់សេវារដ្ឋបាល និងបញ្ហាមួយចំនួនទៀតផងដែរ ។
ថ្លែងបិទវេទិកានាឱកាសនោះលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុងប៉ៃលិន ចៅសង្កាត់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង លើកិច្ចការងារអភិវឌ្ឍន៍ នៅមូលដ្ឋាន បានយ៉ាងល្អប្រសើរ។លោកប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន ក៍បានបញ្ជាក់ដែរថា៖ ការរៀបចំវេទិកានេះឡើង គឺ ដើម្បីពិភាក្សាលើកឡើង ពីបញ្ហាប្រឈម ក៏ដូចចំនុចខ្វះខាត ដើម្បីការកែលម្អ ដោះស្រាយ នូវសំណូមពរ នៅមូលដ្ឋាន ឱ្យបានចប់សបគ្រប់ ក្នុងកិច្ចការងារអភិវឌ្ឍន៏មូលដ្ឋាន។ ជាពិសេសដោះស្រាយនូវបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡើយ។ លោកប្រធានក្រុមប្រឹក្សាក្រុងប៉ៃលិន ក៍បានបញ្ជាក់ផងដែរថា៖ ក្រុមប្រឹក្សាក្រុងប៉ៃលិន បានទទួលយកនូវបញ្ហា សំណូមពរនានា ពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ជាលទ្ធផលដូចខាងក្រោម៖ សំនួរចំនួន២៩ និងសំណូមពរ សរុបចំនួន២៩ បានធ្វើការស្រាយបំភ្លឺចំនួន៨ហើយ ប៉ុន្តែនៅ មិនទាន់ដោះស្រាយបាន១០០% នៅឡើយ ។ លោក ក៍បានបន្ថែមថា៖ ទោះជាយ៉ាងនេះក្ដី ក្រុមប្រឹក្សាក្រុង សូមទទួលយក ដើម្បីធ្វើការ ប្រជុំពិភាក្សា ជាមួយគណៈអភិបាលក្រុង ការិយាល័យជំនាញ និងអ្នកពាក់ព័ន្ធនានា ដើម្បីធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់ និងស្របទៅតាមដែនសមត្ថកិច្ច នៃរដ្ឋបាលនីមួយៗ។ ជាមួយគ្នានោះ ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង និងមន្ត្រីរដ្ឋបាលក្រុង សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាចូលរួមផ្តល់ជាគំនិតយោបល់ សំណើនានា នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងនៅឆ្នាំក្រោយជាបន្តទៀត ឲ្យបានច្រើនកុះករផងដែរ៕