ប៉ៃលិន៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ត្រូវបានកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍ធ្វើការវាយតម្លៃខ្ពស់ចំពោះស្មារតីរបស់ក្រុមការងារចុះជួយបក្សភូមិកំពង់ចម្លងក្រោម និងក្រុមការងារចុះជួយបក្សឃុំសាលាក្រៅ ដែលបានចូលរួមសហការសាងសង់ ទីស្នាក់ការគណបក្សដ៏ថ្មីស្រឡាងនេះឡើង ប្រកបដោយឆន្ទៈ និងទិសដៅយូរអង្វែង ជាពិសេសបានឆ្លុះបញ្ចាំងពីភាពរឹងមាំ និងការរួមរួបសាមគ្គីរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ព្រមទាំងជាបង្អែកសម្រាប់ជាតិ និងប្រជាជន ។
ឯកឧត្តម ប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ ការបង្ហាញពីសាមគ្គីភាពនៃសមាជិក សមាជិកា គណបក្ស សប្បុរសជន និងប្រជាពលរដ្ឋ ដែលជឿទុកចិត្ត ផ្ដល់ការគាំទ្រជារៀងរហូតជូន សម្ដេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺដើម្បីផ្តល់លទ្ធភាពអោយគណបក្សប្រជាជនកម្ពុជា បន្ដបំពេញកាតព្វកិច្ចបម្រើប្រជាជន និងអភិវឌ្ឍប្រទេសឲ្យកាន់តែសម្បូរសប្បាយ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ។
ជាមួយនឹងការអបអរសាទរការសម្ពោធអគារទីស្នាក់ការបក្សថ្មីនេះ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិស្នាដៃ ការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស បានជួយសង្គ្រោះអាយុជីវិតប្រជាជន នាំមកនូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត និងមានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ ហើយកន្លងទៅថ្មីៗនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល កម្ពុជាបានទទួលនូវជោគជ័យធំៗ ជាប្រវត្តិសាស្ត្រជាច្រើន ជាអាទិ៍ភាពជោគជ័យនៃការប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ផងដែរ។
បើតាមរបាយការណ៍របស់លោក ប៉ូច សាអែម ប្រធានក្រុមការងារចុះជួយភូមិកំពង់ចម្លងក្រោម បានអោយដឹងថា៖ អគារទីស្នាក់ការបក្សដែលបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនេះពេលនេះ គឺបានចំណាយថវិកាសាងសង់ចំនួន ៣៥,៤៥០$ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ដោយមាន ទំហំ ៨ម x ១៥ម ស្មើនឹង ១២០ម២ សាងសង់លើផ្ទៃដីទំហំ ២០ម x ៦០ម ស្មើនឹង ១,២០០ម២ ដែលមានបន្ទប់ទឹកចំនួន ០២ បន្ទប់ ធ្វើរបងព័ទ្ធជុំវិញដីស្នាក់ការប្រវែង ១៦០ម និងមានក្លោងទ្វារចំនួន ០១ ព្រមទាំងបានបំពាក់បរិក្ខាក្នុងអគារមានដូចជា៖ ម៉ាស៊ីនត្រជាក់ចំនួន ០៣ គ្រឿង កង្ហាបញ្ឍរចំនួន ០៣ គ្រឿង កៅអីចំនួន ១៤០ គ្រឿង តុគណៈអធិបតីចំនួន ១ គ្រឿង កៅអីគណៈអធិបតីចំនួន ១ គ្រឿង និងដងទង់ជាតិ ទង់បក្ស សរុប ៦ ដើម មានផ្ទាំងបិទហ្វុងអក្សរចំនួន ០១ ផ្ទាំង បានតបណ្តាញអគ្គីសនីទ្រីហ្វាសម្រាប់ប្រើប្រាស់ក្នុងអគាររួចរាល់ ខួងអណ្តូងទឹក ០១ អណ្តូង និងបានជីកស្រះទឹកទំហំ ១០ម x ៣៥ម ជំរៅ ៤ម ផងដែរ ។
អត្ថបទ៖ លោក ញ៉ឹប បូរី