រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទកម្មវិធីបំបួសអប់រំសីលធម៌ សីលវ័ន សីលវតី ចំនួន៣០០រូប នៅវត្តបុព្វារាម ហៅវត្តសាលាក្រៅចាស់ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការនិមិន្ត និងអញ្ជើញចូលរួមពីព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ ព្រះបាឡាត់គណខេត្ត ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន អ្នកតំណាងរាស្ត្រមណ្ទលប៉ៃលិន អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត អភិបាលស្រុកសាលាក្រៅ មន្ទីរជំនាញខេត្ត និង ព្រះសង្ឃ តាជី យាយជី សីលវតី និងពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ ។
មានប្រសាសន៍ក្នុងឪកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តប៉ៃលិន បានលើកឡើងថា៖ក្នុងរយៈពេលជាង២០ឆ្នាំបន្ទាប់ ពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់ពីឆ្នាំ១៩៩៨ មក ប្រទេសយើងមានការជឿនលឿនយ៉ាងឆាប់រហ័ស មានសុខសន្តិភាព និងស្ថេរភាពដូចសព្វថ្ងៃ។ ចំពោះសីលធម៌ក្នុងសង្គមយើងវិញ ក៍ត្រូវបានជម្រុញលើកកម្ពស់ជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការអប់រំសីលធម៌ តាមបែបព្រះពុទ្ធសាសនា គឺជាការចូលរួមមួយដ៏វិសេសថ្លៃថ្លា ក្នុងកសាងធនធានមនុស្ស ដើម្បីបម្រើប្រទេសជាតិ។ ឯកឧត្តម បានបន្ថែមថា៖ ខ្ញុំមានការត្រេកអរ និងស្វាគមន៍ឲ្យមានការអប់រំតាមបែបព្រះពុទ្ធសាសនានេះកាន់តែច្រើន ដើម្បីជួយណែនាំ ដល់ក្មួយៗឲ្យយល់ និងប្រព្រឹត្តអំពើល្អ មិនប្រើគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ប្រឹងប្រែងរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ មនុស្សល្អ សម្រាប់សង្គម និងប្រទេសជាតិ ។ឯកឧត្តម បានមានប្រសាសន៍បន្តថា៖ វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសកម្មទាំងផ្នែកការងារមនុស្សធម៌ បណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់សីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតា និងបច្ឆាជនជំនាន់ក្រោយ ឲ្យចេះសាងអំពើល្អ ក្នុងគោលបំណងកាត់បន្ថយ ការខុសឆ្គងក្នុងច្បាប់រដ្ឋ និងប្រពៃណីជាតិ។ ឯកឧត្តមបន្តថា មកដល់បច្ចុប្បន្ន វិស័យពុទ្ធសាសនា ក៏បានពង្រឹងទាំងចំណេះដឹង ទាំងជំនាញ និងបទពិសោធន៍ រួមចំណែក ដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ឯកឧត្តម ក៍មានប្រសាសន៍បញ្ជាក់ផងដែរថា៖ បើគ្មានសន្តិភាព គ្មានការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នោះទេ យើងពិតជាមិនមានអ្វីៗដូចពេលនេះដែរ គឺទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ហើយបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាយើង ពុំមានជម្លោះខាងសាសនាដូចប្រទេសមួយចំនួនលើសកលលោកនោះទេ គឺប្រជាពលរដ្ឋមានសិទ្ធិជឿទៅលើសាសនាណាក៍បាន ឲ្យតែខ្លួនពេញចិត្ត និងក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។ ជាមួយគ្នានោះលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក៍បានយកចិត្តទុកដាក់ជាខ្លាំង ក្នុងវិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍន៏ ការស្ថាបនាខេត្តប៉ៃលិន អោយមានការរីកចម្រើនជាលំដាប់នឹងមានភាពទាក់ទាញទេសចរណ៍និងវិនិយោគ ដែលនេះជាចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការដឹកនាំខេត្តប៉ៃលិនកាន់តែសម្បូរបែបផងដែរ។
សូមបញ្ជាក់ថា៖បើតាមព្រះពាកុល ប៉ន ភក្ត្រា ជោតបណ្ឌិតោ ព្រះគ្រូចៅអធិការវត្តបុព្វារាម (ហៅវត្តសាលាក្រៅចាស់) បានមានសង្ឃដីកាឱ្យដឹងថា៖ នៅឆ្នាំនេះក្រោមកិច្ចសហការជាមួយសាលាគណខេត្តប៉ៃលិន សាលាអនុគណ ស្រុកសាលាក្រៅ សមាគមសមណនិស្សិតខ្មែរខេត្តសុរិន្ទ សមាគមព្រះពុទ្ធសាសនាជួយសង្គ្រោះខ្មែរ (USA) វត្តសុវណ្ណគិរីភ្នំ ជញ្ជាំង(បន្ទាយមានជ័យ) ដោយបានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើបុណ្យបំបួសអប់រំសីលធម៌កុលបុត្រចំនួន៣០០អង្គ/នាក់ រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២៣ ហើយការបំបួសនេះគឺមានគោលបំណងទី១៖ គឺដើម្បីថ្វាយព្រះរាជកុសលដល់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនាថ្ងៃទី ១៨ មិថុនា ២០២៣ នេះ។ ទី២៖ ចង់ឱ្យកុលបុត្រខ្មែរគ្រប់ស្រទាប់វណ្ណៈបានស្គាល់តម្លៃនៃការសាងផ្នួស និងបដិបត្តិខ្លួនតាមផ្លូវព្រះពុទ្ធសាសនា។ ទី៣៖ ផ្ដល់ឱកាស ដល់កុលបុត្រខ្មែរ ដែលមានជីវភាពខ្វះខាតនិងក្មេងកំព្រានិងមានឧបនិស្ស័យបានចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា។ និង ទី៤៖ ផ្តល់ឱកាសដល់ញាតិញោម គ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសបាន ចូលរួមឧបត្ថម្ភគាំទ្រជាបុណ្យកុសល ប្រយោជន៍ដល់អ្នក ជំនាន់ក្រោយនិងបន្តវេនដើម្បីសង្គមជាតិសាសនានៃយើងផងដែរ៕អត្ថបទ៖ លោក សេង សុវណ្ណារិទ្ធ