ការស្រាវជ្រាវថ្មីបានព្យាករណ៍កាលពីថ្ងៃសុក្រទី២៣មិថុនាថា ចំនួនមនុស្សដែលកើតជំងឺទឹកនោមផ្អែមនៅទូទាំងពិភពលោកនឹងកើនឡើងទ្វេដង រហូតដល់ ១,៣ ពាន់លាននាក់នៅត្រឹមឆ្នាំ ២០៥០ ដែលជំរុញដោយការរើសអើងជារចនាសម្ពន្ធនិងគម្លាតវិសមភាពរវាងប្រទេស។
គ្រប់ប្រទេសទាំងអស់នៅលើសកលលោកនឹងឃើញការកើនឡើងនៃចំនួនអ្នកជំងឺរ៉ាំរ៉ៃប្រភេទនេះ នេះបើយោងតាមការវិភាគគ្រប់ជ្រុងជ្រោយបំផុតនៃទិន្នន័យសកលដែលព្យាករណ៍ដល់ឆ្នាំ ២០៥០។
មនុស្សប្រហែល ៥២៩ លាននាក់ត្រូវបានគេប៉ាន់ប្រមាណថាកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែមរួចហើយ ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុកំពូលទាំង ១០ នៃការស្លាប់និងពិការ។
ចំនួននោះ ពោលគឺ ៩៥ ភាគរយនៃករណីជំងឺទឹកនោមផ្អែមប្រភេទទី ២ នឹងកើនឡើងដល់ ១,៣ ពាន់លានក្នុងរយៈពេលតិចជាង ៣ ទសវត្សរ៍នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Lancet ។
សន្ទស្សន៍ម៉ាសរាងកាយខ្ពស់ ដែលជាសញ្ញាបង្ហាញថាមនុស្សអាចលើសទម្ងន់ ត្រូវបានផ្សារភ្ជាប់ទៅនឹងការស្លាប់និងពិការភាពជាងពាក់កណ្តាលដោយសារជំងឺទឹកនោមផ្អែម។
កត្តាផ្សេងទៀតរួមមានរបបអាហាររបស់មនុស្ស ការធ្វើលំហាត់ប្រាណ ការជក់បារី និងគ្រឿងស្រវឹង។
លោកស្រី លៀន អុង (Liane Ong) អ្នកស្រាវជ្រាវឈានមុខនៅវិទ្យាស្ថានសម្រាប់ការវាស់វែងនិងការវាយតម្លៃសុខភាព (IHME) និងជាអ្នកនិពន្ធការសិក្សាជាច្រើន បាននិយាយថា កត្តាមួយសំខាន់គឺរបៀបដែលរបបអាហារបានផ្លាស់ប្តូរ។
លោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ក្នុងអំឡុងរយៈពេល ៣០ ឆ្នាំ ប្រទេសផ្សេងៗគ្នាពិតជាបានផ្លាស់ប្តូរពីទម្លាប់អាហារប្រពៃណី ពោលគឺការញ៉ាំផ្លែឈើ និងបន្លែបៃតងច្រើនដែលមានសុខភាពល្អ ទៅរកអាហារកែច្នៃច្រើនឡើង”។
ការស្រាវជ្រាវក៏បានប៉ាន់ប្រមាណដែរថានៅឆ្នាំ ២០៤៥ មនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែមចំនួនបីភាគបួននឹងរស់នៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម។
ប៉ុន្តែទោះបីជានៅក្នុងប្រទេសអ្នកមានដូចជាសហរដ្ឋអាម៉េរិកក៏ដោយ ក៏អត្រាជំងឺទឹកនោមផ្អែមគឺខ្ពស់ជាងស្ទើរតែ ១,៥ ដងក្នុងចំណោមជនជាតិភាគតិចដូចជាជនជាតិស្បែកខ្មៅ ជនជាតិអេស្ប៉ាញ អាស៊ី ឬ ជនជាតិដើមអាម៉េរិក៕