ប៉ៃលិន៖ រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ៥១១នាក់ នៅក្នុងខេត្តប៉ៃលិន ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម ដើម្បីឲ្យពួកគាត់ចូលរួម ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន និងទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
ក្នុងឱកាសនេះដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ជាក់ស្តែងនាពេលកន្លងមក ក្នុងអំឡុងពេលនៃទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោលបំណងជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូកង់បី ដែលមិនសូវបាននៅផ្ទះជាប់រវល់ក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូន គឺជាភ្នាក់សន្តិសុខដ៏សំខាន់ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលជាការបោះឆ្នោត ដើម្បីធានាកំណត់តួនាទីជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិកម្ពុជាយូរអង្វែងបន្តទៅទៀត លើមាគ៌ាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់ ។
អត្ថបទ៖ លោក ញ៉ឹប បូរី