(កីឡា)៖ ប្រធានក្រុម Manchester City កីឡាករ Ilkay Gundogan នឹងចូលរួមជាមួយក្រុម Barcelona លើការផ្ទេរដោយគ្មានតម្លៃខ្លួន នៅពេលដែលកិច្ចសន្យារបស់គេ ផុតសុពលភាពនៅចុងខែនេះ។ Gundogan វ័យ ៣២ឆ្នាំ បានទទួលសំណើថ្មីពី Man City ដើម្បីបន្តកុងត្រា ប៉ុន្តែគេបានសម្រេចចិត្តទទួលយកសំណើលើកិច្ចសន្យារយៈពេល ៣ ឆ្នាំ ជាមួយក្រុមជើងឯកអេស្ប៉ាញ Barcelona ។
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ ចង់រក្សា Gundogan ដែលជាផ្នែកមួយសម្រាប់ការឈ្នះពានរង្វាន់ Premier League, FA Cup និង UEFA Champions League នៅរដូវកាលនេះ។ ខ្សែបម្រើអាល្លឺម៉ង់ លេងបាន ៥១ប្រកួតនៅក្នុងរដូវកាល ២០២២-២៣ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ ជាមួយនឹងគ្រាប់បាល់ចំនួន ៦ បានកើតឡើងនៅក្នុង ៧ប្រកួតចុងក្រោយ រួមទាំងការស៊ុតបញ្ចូលទី២គ្រាប់ ក្នុងការឈ្នះលើក្រុម Manchester United ដោយលទ្ធផល ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ FA Cup ។ គេបានលេង ៩០ នាទីនៅវគ្គផ្តាច់ព្រ័ត្រ Champions League នៅពេលដែល Man City បានយកឈ្នះ Inter Milan ដោយលទ្ធផល ១-០ ៕