(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មគឺ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតបក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្តែងកន្លងមកប៉ុណ្ណោះទេ គឺជាការធានាបាននូវតម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងសង្គម ព្រមទាំងបានរៀបចំដោយព្យាករណ៍ទុកជាមុនរួចស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថលនាថ្ងៃអនាគត។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងដូចនេះ ក្នុងពេលដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលការពារសេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងសម័យប្រជុំព្រឹទ្ធសភា លើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម បានធ្វើសេចក្ដីរាយការណ៍ជូនអង្គប្រជុំព្រឹទ្ធសភាថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំគ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មាន១២ជំពូក និង ១៨២មាត្រា ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។ ក្នុងកិច្ចប្រជុំព្រឹទ្ធសភា មានសមាជិកព្រឹទ្ធសភាចំនួន៣រូប បានឡើងមានយោបល់ ហើយសម្តេចក្រឡាហោម ស ខេង ក៏បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ផងដែរ។ អង្គប្រជុំព្រឹទ្ធសភាក៏បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ច្បាប់នេះ៕