(មហាសមុទ្រអាត្លង់ទិក)៖ ក្តីកង្វល់នៅតែបន្តកើតមានឡើងនៅឡើយបន្ទាប់ពីកូននាវាមុជទឹកសម្រាប់ដំណើរទស្សនាចរទៅមើលបំណែកនាវាទីតានិកនៅក្រោមមហាសមុទ្រអាត្លង់ទិកបានបាត់ចេញពីប្រពន័្ធទំនាក់ទំនងនាវានៅខាងលើកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិកភាគខាងជើង។
តាមបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនបានស្រង់សំដីឆ្មំាសមុទ្រជាតិអាម៉េរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គេនៅតែឮសម្លេងចម្លែកហាក់ដូចជាវត្ថុអ្វីមួយបានប៉ះទង្គិចគ្នាសារជាថ្មី រហូតមកដល់ម៉ោងនេះ ក្រុមអ្នករុករកនាវាមុជទឹកសម្រាប់ដំណើរកម្សាន្តនៅក្នុងបាតមហាសាគរនោះ គេនៅមិនទាន់កំណត់ដឹងថាតើជាសម្លេងអ្វីឱ្យជាក់លាក់នៅឡើយទេ។
ដំណើរប្រតិបត្តិការ ស្រាវជ្រាវនិងរុករកកូននាវាមុជទឹកដែលបាត់នៅកណ្តាលមហាសាគរនោះ ត្រូវគេពង្រីកទីតំាងស្រាវជ្រាវមានទំហំធំជាងរដ្ឋខុននិកទីកាត់(Connecticut)របស់សហរដ្ឋអាម៉េរិករហូតដល់ទៅ២ដង ក្នុងរង្វង់ជម្រៅចូលក្នុងផ្ទៃទឹកសមុទ្រខាងក្រោមប្រមាណជាជិត៤គីឡូម៉ែត្រ។ ក្នុងនាមជាក្រុមការងារស្រាវជ្រាវ នាយកាពីទែន ហ្វ្រេដឺរិក(Capt Frederick) បានថ្លែងប្រាប់ដល់ក្រុមអ្នកយកព័ត៌មានថា ការស្រាវជ្រាវនៅតែបន្តរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ បើទោះបីជាខ្យល់ជំនួយជីវិត(អុកហ្ស៊ីហ្សែន)របស់ជនរងគ្រោះទំាង៥នាក់អាចនឹងត្រូវផុតនៅថ្ងៃនេះក៏ដោយ ប៉ុន្តែក្នុងនាមលោកជាអ្នករុករកនិងជួយសង្គ្រោះនៅតែមានសុទិដ្ឋិនិយមប្រកបដោយក្តីសង្ឃឹមដដែល។ ដោយឡែកទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឯណេះ បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា ទំហំនៃការស្រាវជ្រាវនិងរុករកកាន់តែពង្រីកធំឡើងៗ ដើម្បីឱ្យឆាប់រកឃើញ ប៉ុន្តែជាអកុសលគេនៅពុំទាន់អាចកំណត់ដឹងច្បាស់ថាតើ កូននាវាមុជទឹកនោះបាត់នៅចំណុចណាពិតប្រាកដនៅឡើយទេ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍។ គួររំលឹកផងដែរថា កូននាវាមុជទឹកសម្រាប់ដំណើរផ្សងព្រេងមានឈ្មោះថា អូសៀនហ្គេដ(Ocean Gate) បានដឹកអ្នកទេសចរចំនួន៥នាក់ក្នុងគោលដៅដើម្បីទៅទស្សនាបំណែករបស់នាវាទីតានិក នៅបាតមហាសមុទ្រ ហើយកូននាវាមុជទឹកសម្រាប់ដំណើរកម្សាន្តនោះបានដាច់ការទាក់ទងកាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីធ្វើដំណើរចុះទៅក្រោមបាតសមុទ្ររយៈពេលជាង១ម៉ោងនោះរួចមក ក្នុងរង្វង់ជម្រៅ១២,៥០០ហ្វីដ (ជាង៣ពាន់ម៉ែត្រ)។
អ្នកដំណើរកម្សាន្តទំាង៥រូបដែលបាត់ខ្លួនទៅជាមួយនឹងកូននាវាមុជទឹកអូសៀនហ្គេដនោះ មានមហាសេដ្ឋីជនជាតិប៉ាគីស្ថាន ឳពុកនិងកូនប្រុស, អ្នកធ្វើដំណើរផ្សងព្រេងជនជាតិអង់គ្លេស, អ្នកឯកទេសមុជទឹកនិងរុករកជនជាតិបារំាងម្នាក់, និងស្ថាបនិកនាវាមុជទឹកអូសៀនហ្គេដ ម្នាក់ផងដែរ៕