(ភ្នំពេញ)៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា អនុក្រឹត្យស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាព អាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខនេះ បានជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណថ្មី ដែលមានសុពលភាពនៅឡើយសម្រាប់ចូលរួមបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាពអាចប្រើប្រាស់ជាឯកសារសម្រាប់បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃ២៣ កក្កដាខាងមុខបាន។ ឯកឧត្ដម ហង្ស ពុទ្ធា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានចេញអនុក្រឹត្យថ្មីមួយនេះ គឺបានជួយដោះស្រាយបញ្ហានៃដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដក្នុងអាណត្តិនេះ ខណៈបញ្ហានេះ គឺជាការលំបាករបស់ គ.ជ.ប នាពេលកន្លងមក។ ឯកឧត្ដមថ្លែងថា ៖«ជាមួយនឹងការចាត់ចែងរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ដែលច្បាប់តម្រូវឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណដែលមានសុពលភាពគឺបញ្ហាត្រូវបានដោះស្រាយដោយការយកចិត្តទុកដាក់ របស់រាជរដ្ឋភិបាលតាមរយៈការចេញអនុក្រឹត្យនេះ»។
សេចក្ដីក្នុងអនុក្រឹត្យបានបញ្ជាក់ថា អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបន្តសុពលភាពអត្តសញ្ញាណសញ្ជាតិខ្មែរគំរូថ្មីដែលបានអស់សុពលភាពប្រើប្រាស់ក្នុងឆ្នាំ ២០២២ និងឆ្នាំ២០២៣ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះ៕