(កីឡាអន្តរជាតិ)៖ ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្កើតកំណត់ត្រាពិភពលោកហ្គីនណេស (Guinness World Record) ថ្មីមួយទៀតកាលពីយប់មិញ បន្ទាប់ពីបានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន២០០លើកពេលប្រកួតជាមួយអៀរឡង់។ការបង្ហាញខ្លួនលើកទី២០០ឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដូច្នេះ Ronaldo បានក្លាយជាកីឡាករបាល់ទាត់ទី១ក្នុងប្រវត្តិសាស្ត្រលើលោកដែលបានបង្ហាញខ្លូនលើទីលានឲ្យជម្រើសជាតិច្រើនជាងគេបំផុត និងត្រូវបានស្ថាប័នកំណត់ត្រាពិភពលោកផ្តល់លិខិតបញ្ជាក់កំណត់ត្រាថ្មីមួយទៀត។
ស្ថិតក្នុងវ័យ៣៨ឆ្នាំ Ronaldo បានស៊ុតគ្រាប់បាល់ជ័យជម្នះនៅនាទី៨៩ឲ្យព័រទុយហ្គាល់ឈ្នះជម្រើសជាតិអៀរឡង់ដោយលទ្ធផល ០-១ ដើម្បីឈរលើកំពូលតារាងពូល J ដោយប្រកួត៤លើក ឈ្នះទាំង៤លើក និងមាន១២ពិន្ទុ ក្នុងយុទ្ធនាការជម្រុះជើងឯកអឺរ៉ុប Euro 2024។ រហូតដល់ពេលនេះ Ronaldo បានបង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់រយៈពេល២០ឆ្នាំហើយ គិតចាប់តាំងពីបង្ហាញខ្លួនលើឆាកអន្តរជាតិលើកដំបូងកាលពីឆ្នាំ២០០៣។ រូបគេនៅតែបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់យ៉ាងទៀងទាត់ បើទោះជាបានចាកចេញពីអឺរ៉ុប ទៅកាន់លីគអារ៉ាប៊ីសាអូឌីត ក្រោយពេលជើងឯកពិភពលោកឆ្នាំ២០២២។ បើនិយាយពីក្លិបអាជីពវិញ ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះបានចាប់ផ្តើមពី Sporting Lisbon នៅប្រទេសកំណើត និងបានទៅអង់គ្លេស Manchester United, អេស្ប៉ាញ Real Madrid និងអ៊ីតាលី Juventus មុនពេលទៅ Al Nassr៕