(រុស្ស៊ី-អ៊ុយក្រែន)៖ ទាំងភាគីរុស្ស៊ី ទាំងភាគីអ៊ុយក្រែន សុទ្ធតែបានអះអាងដូចគ្នាថា ខ្លួនបានបើកការវាយប្រហារបន្ថែមទៀតទៅលើកងកម្លាំងយោធា គ្រឿងសម្ភារៈទាហាន និងគោលដៅផ្សេងៗទៀតនៅលើទីតាំងជាច្រើនដូចៗគ្នា ។ តាមរយៈរបាយការណ៍សង្ខេបរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ី បានថ្លែងថា ខ្លួនបានប្រើប្រាស់អាវុធបំពាក់រ៉ាដា ដើម្បីវាយប្រហារមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងទ័ពអ៊ុយក្រែន ។
យោងតាមរបាយការណ៍សង្ខេបដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ យោធារុស្ស៊ី បានវាយបកជាច្រើនលើក ដើម្បីឆ្លើយតបចំពោះការវាយប្រហារពីសំណាក់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ដុនណេតខាងត្បូង (South Donetsk), តំបន់ហ្សាប៉ូរីហ្សា (Zaporizhzhia) និងតំបន់ដុនណេត (Donetsk) ដោយធ្វើឱ្យបាត់បង់យោធាអ៊ុយក្រែនជាង ២៣៥នាក់ ក្នុងមួយថ្ងៃ ។ ដោយឡែក នៅថ្ងៃសៅរ៍ដដែលនេះ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានថ្លែងថា ការប្រយុទ្ធគ្នានៅតែបន្តឥតឈប់ឈរនៅតាមតំបន់ភាគខាងកើត ខណៈកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានប្រយុទ្ធតទល់ជាមួយកងទ័ពរុស្ស៊ីរហូតដល់ ២២ ដង ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងកន្លងមក ។
បន្ថែមពីនេះ អគ្គសេនាធិការ បានលើកឡើងជាបន្តថា ខណៈគ្រាប់រ៉ុក្កែត និងកាំជ្រួចរបស់រុស្ស៊ី បានវាយប្រហារតំបន់ជាច្រើនរួមទាំងតំបន់លូហាន (Luhansk) និងតំបន់ដុនណេត (Donetsk) កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហារចំនួន ៩ លើក ដោយសំដៅទៅលើគោលដៅជាបន្តបន្ទាប់ រួមមានទាំងក្រុមយោធារុស្ស៊ី និងតំបន់ប្រមូលផ្តុំសម្ភារៈយោធា ៕