ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អ្នកបើករថយន្តក្រុង៤៥កៅអីដឹកអ្នកដំណើរមួយគ្រឿង ខណៈពេលងងុយដេកមួយភាំង ក៏រ៉េចង្កូតក្រឡាប់ធ្លាក់វាលស្រែ បណ្តាលឱ្យអ្នកដំណើររងរបួសធ្ងន់ និងស្រាលចំនួន១០នាក់ ក្នុងចំណោមអ្នកដំណើរ២២នាក់ ចំណែកអ្នកបើកបរវិញរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលពេញផ្លូវកាលពីវេលាម៉ោង៤និង១០នាទីព្រឹក នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចបង្គោលលេខ ៣៤០ -៣៤១ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក។បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់តាមទូរស័ព្ទនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនោះ គឺបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន «រស្មីភ្នំពេញ អ៊ិច ប្រេស» ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ3B- 4999 បើកបរក្នុងទិសខាងកើតទៅលិច។លោកអធិការបន្តថា លុះពេលបើករថយន្តក្រុងដឹកអ្នកដំណើរមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែរថយន្តក្រឡាប់ធ្លាក់វាលស្រែ បណ្តាលឱ្យអ្នកដំណើរជិះក្នុងរថយន្តចំនួន២២នាក់ ក្នុងនោះស្រីចំនួន១២នាក់រងគ្រោះ។ ចំណែកអ្នកបើកបររថយន្តវិញបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនៅរថយន្ត និងអ្នកដំណើរនៅកន្លែងកើតហេតុ។លោកអធិការបន្តទៀតថា មនុស្សប្រុស-ស្រី និងជនបរទេសទាំង២២នាក់ខាងលើនេះ មានមនុស្សរងរបួសធ្ងន់ និងស្រាលចំនួន១០នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន៣នាក់ ស្រី២នាក់, រងរបួសស្រាលចំនួន៤នាក់ និងជនជាតិបរទេសប្រុសចំនួន៣នាក់ (ជនជាតិអាឡឺម៉ង់ម្នាក់ និងឥណ្ឌាចំនួន២នាក់) ត្រូវបានដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពសសរស្តម្ភ។
លោកអធិការបន្ថែមទៀតថា ចំណែកការខូចខាតវិញ គឺរថយន្ត១គ្រឿង និងម៉ូតូ១គ្រឿងទៀតដែលទុកនៅក្នុងរថយន្តក្រុង ចំពោះមូលហេតុ គឺបណ្ដាលមកពីអ្នកបើកបរងងុយដេក។ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងដល់កន្លែងកើតហេតុ រួចរៀបចំកសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នជនរងគ្រោះប្រុសស្រី និងជនបរទេស កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលសុខភាព សសរស្តម្ភ។ រីឯជនបង្កដែលជាអ្នកបើកបរវិញ កម្លាំងនគរបាលជំនាញកំពុងតែធ្វើការស្រាវជ្រាវស្វែងរក និងសហការជាមួយក្រុមហ៊ុនរថយន្តក្រុង ដើម្បីឱ្យអ្នកបើកបរចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕