ប៉ៃលិន៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងសមាជិកសមាជិកាកិត្តិយសសាខា, គណៈកម្មាធិការសាខា, ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក យុវជនកាកបាទ យុវជនកាយារីទ្ធ បានប្រារព្ធពិធី ថ្វាយព្រះពរចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់៨៧ យាងចូល ៨៨ ព្រះវស្សា នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ កូនចៅ ចៅតួតរបស់ព្រះអង្គ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ។
ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខា បានមានប្រសាសន៍លើកឡើងពីព្រះរាជសកម្មភាពជាច្រើនរបស់សម្ដេចព្រះមហាក្សត្រីយព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គបានឧបត្ថម្ភព្រះរាជទ្រព្យ និងប្រោសប្រទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទូតនៅក្នុងព្រះរាជណាចក្រកម្ពុជា ជាពិសេសព្រះអង្គជួយគាំទ្រយ៉ាងពេញទំហឹង ចំពោះកាកបាទក្រហមកម្ពុជា និងព្រះរាជហឬទ័យថ្លៃថ្លាស្រឡាញ់ប្រជានុរាស្ត្រ ដែលជាគម្រូមនុស្សធម៌ ហើយក្លាយជាត្រីវិស័យចង្អុលផ្លូវសម្រាប់ការបំពេញភារកិច្ចរបស់មន្រ្តីកាកបាទក្រហមនៅទូទាំងប្រទេស ប្រកបដោយសមធម៌ថ្លៃថ្លាក្រៃលែងបំផុត។
ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំ សមាជិកសមាជិកាកិត្តិយសសាខា, គណៈកម្មាធិការសាខា, ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក យុវជនកាកបាទ បាននាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
អត្ថបទ៖ លោក ញ៉ឹប បូរី