ប៉ៃលិន៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បានបើកកិច្ចប្រជុំ ស្ដីពីការពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់យុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវ អនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និង ក្រមសីលធម៌ ដោយស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ៕
លោកជំទាវប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីធ្វើការពង្រាយកម្លាំងឱ្យអស់លទ្ធភាព ដោយបញ្ជូនទៅដល់ក្រុង/ស្រុក ឃុំ/សង្កាត់ និងប្រមូលកម្លាំងប្រជាការពារជួយក្នុងប្រតិបត្តិការណ៍នេះផងដែរ ជាពិសេសកម្លាំងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅ នៃក្រុង ស្រុក ឃុំ/សង្កាត់ និងកម្លំាងនគរបាលការពារ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕
អត្ថបទ៖ លោក ញ៉ឹប បូរី