នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងអប់រំយុវជននិងកីឡា សហការជាមួយមន្ទីរអប់រំខេត្តបាត់ដំបងនិងប៉ៃលិន បានដឹកនាំសិស្សានុសិស្សចំនួន ៤៨០នាក់ តាមរយៈរថយន្តប្រមាណ ៣៥គ្រឿង ធ្វើដំណើរកំសាន្តនិងចុះទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រភ្នំយ៉ាត ខេត្តប៉ៃលិន ដោយបានធ្វើដំណើរពីខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តប៉ៃលិន ដែលមានទីតាំងនៅលើទឹកដីត្បូងពេជ្រអមដោយធម្មជាតិព្រៃភ្នំយ៉ាងស្រស់ត្រកាល ។
លោក ហួរ ឈុនទ្រី អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងអប់រំយុវជននិងកីឡានិងជាប្រធាននាយកដ្ឋានកិច្ចការប្រឡង បានមានប្រសាសន៍ថាៈ គោលបំណងចម្បងនៃការរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សានេះឡើង គឺដោយសារលោកយល់ឃើញថា ទីតាំងនៃដំណើរទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្ត្រភ្នំយ៉ាត ខេត្តប៉ៃលិន ជាកន្លែងដែលមានភាពស្រស់ស្អាតបែបធម្មជាតិ ខ្យល់អាកាសល្អបរិសុទ្ធ អំណោយផលដល់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់ និងជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ផ្តល់ឱកាសឱ្យពួកគេបានលំហែអារម្មណ៍និងបានស្គាល់ទឹកដីត្បូងពេជ្រមួយនេះ។ លោកបានបន្ដទៀតថា៖ ផ្សាភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចសិក្សាដ៏មាន សារៈសំខាន់នេះ ដើម្បីឱ្យសិស្សានុសិស្សបានយល់កាន់តែច្បាស់អំពីប្រវត្ដិសាស្ដ្រ និងទីតាំងរមណីយដ្ឋានខ្មែរ ដោយក្រសួងអប់រំក៏បានរៀបចំជាប្រវត្ដិសង្ខេបខ្លះៗអំពីទីតាំងនៃដំណើរទស្សនកិច្ចសិក្សាភ្នំយ៉ាត ឱ្យលោកគ្រូ អ្នកគ្រូអានឱ្យសិស្សស្ដាប់ និងរៀបចំជាល្បែងកំសាន្ត និងកម្រងសំនួរ-ចម្លើយខ្លីៗ សម្រាប់ចោទសួរទៅសិស្សក្នុងអំឡុងពេលធ្វើដំណើរឆ្ពោះមកកាន់ទឹកដីប៉ៃលិន។ ហើយដំណើរទស្សនកិច្ចសិក្សានេះ លោកក៏សង្ឃឹមថាសិស្សានុសិស្សនឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដែលទាក់ទងទៅនឹងទីតាំងរមណីយដ្ឋានប្រវត្តិសាស្ត្រសំខាន់ៗ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងកាន់តែមានមនសិកាចេះស្រឡាញ់ ឱ្យតម្លៃ និងចូលរួមថែរក្សាបរិស្ថាន និងសម្បត្ដិធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ជាមួយគ្នានោះ លោក ហួរ ឈុនទ្រី សង្កេតឃើញថាៈ ក្នុងដំណើរទស្សនកិច្ចលើកនេះ សិស្សានុសិស្សទាំងអស់ មានភាពសប្បាយរីករាយឥតឧបមាជាមួយមិត្ដភ័ក្តិ បងប្អូន មាតាបិតា អ្នកអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ពួកគេ ដោយបានសម្រាកលម្ហែកាយបន្ទាប់ពីការសិក្សា និងបានឃើញនូវទិដ្ឋភាពប្លែកៗ ទេសភាពស្រស់បំព្រង ជាពិសេសធាតុអាកាសដ៏ត្រជាក់បែបធម្មជាតិពិតៗ និងជាការលើកទឹកចិត្តដល់ប្អូនៗដែលជាសិស្សពូកែផងដែរ។
ក្នុងឱកាសនោះដែរ៖ ប្អូនៗសិស្សានុសិស្សដែលជាសិស្សពូកែទាំង ២៥រាជធានីខេត្ត ក៏បានបង្ហាញនូវចំណាប់អារម្មណ៍សប្បាយរីករាយឥតឧបមាក្នុងដំណើរទស្សនៈកិច្ចសិក្សានិងដំណើរកំសាន្តនៅទឹកដីខេត្តប៉ៃលិន ដែលជាតំបន់ស្រស់ស្អាតពោរពេញធម្មជាតិ និងប្រវត្តិសាស្ត្រដែលគួរសិក្សាស្វែងយល់ ហើយវាជាមោទនភាពមួយដែលប្អូនៗបានស្គាល់ជាមួយមិត្តភក្តិផ្សេងៗជាច្រើនទៀត។
បើតាមលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិនបានអោយដឹងថាៈ ដំណើរទស្សនកិច្ចសិក្សាមួយនេះ ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំសិស្សពូកែទាំង ២៥រាជធានីខេត្ត សរុបចំនួន ៤៨០នាក់ ស្រី២៦៤នាក់ ចេញដំណើរពីខេត្តបាត់ដំបងអញ្ជើញមកទស្សនៈកិច្ចនៅតំបន់ប្រវត្តិសាស្ត្រភ្នំយ៉ាត ខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក ហួរ ឈុនទ្រី អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងអប់រំយុវជននិងកីឡានិងជាប្រធាននាយកដ្ឋានកិច្ចការប្រឡង និងលោកគ្រូអ្នកគ្រូទាំង ២៥រាជធានីខេត្ត មានរថយន្តសរុបប្រមាណ ៣៥គ្រឿង សម្រាប់ដំណើរទស្សនៈកិច្ចមួយនេះ៕