(ប៉ូឡូញ)៖ ក្រុមអ្នកការពារសិទ្ធិរំលូតកូននៅប្រទេសប៉ូឡូញ បានដឹកនាំការតវ៉ាមួយក្នុងរដ្ឋធានីវ៉ាសូវី (Warsaw) កាលពីថ្ងៃពុធម្សិលមិញ ដើម្បីប្រឆាំងទៅនឹងច្បាប់រំលូតកូនដ៏តឹងតែងរបស់រដ្ឋាភិបាល នៅបន្ទាប់ពីស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ក្នុងអំឡុងសម្រាលបុត្រ ខណៈក្រុមគ្រួសាររបស់ជនរងគ្រោះបានអះអាងថា ជោគវាសនារបស់ស្រ្តីរូបនោះអាចត្រូវបានកែប្រែប្រសិនបើមន្ទីរពេទ្យយល់ព្រមឱ្យនាងធើ្វការរំលូតទារកនៅក្នុងផ្ទៃ ។
ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកថា “នឹងមិនអនុញ្ញាតឱ្យមានរឿងរ៉ាវខាងលើនេះកើតឡើងជាលើកទីពីរទៀតឡើយ” ស្របពេលកំពុងដើរដង្ហែក្បួននៅក្នុងទីក្រុងឆ្ពោះទៅកាន់អគារស្ថាប័នក្រសួងសុខាភិបាលរបស់ប៉ូឡូញ ដោយមានអ្នកខ្លះទៀតបានកាន់បដាផ្សេងៗជាច្រើន ដែលសរសេររិះគន់ធ្ងន់ៗទៅលើរដ្ឋាភិបាល ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីការរំលូតកូនរបស់ប្រទេសប៉ូឡូញ គឺជាវិធានការមួយដ៏តឹងរឹងជាងគេបំផុតក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អឹរ៉ុបដទៃទៀត រហូតបណ្តាលឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ក្រុមសកម្មជនគំាពារសិទ្ធិស្រ្តី និងបង្កឱ្យមានការតវ៉ាជាច្រើនលើកច្រើនសារនាពេលកន្លងមក និងបណ្តាលឱ្យមានសន្ទុះរឹតតែខ្លាំងបន្ថែមទៀត ក្រោយពីកើតមានករណីមរណភាពរបស់ស្រ្តីរងគ្រោះ ។
គួររំលឹកថា នាយករដ្ឋមន្រ្តី Morawiecki របស់ប្រទេសប៉ូឡូញ បានដាក់ចេញច្បាប់ស្តីពីការរំលូតកូន កាលពីដើមឆ្នាំ ២០២១កន្លងទៅ ដោយហាមប្រាមស្រ្តីជាម្តាយគ្រប់រូបក្នុងការទំលាក់គភ៌ក្នុងផ្ទៃ បើទោះបីជាទារកនោះមានការអភិវឌ្ឍន៍រាងកាយមិនប្រក្រតីយ៉ាងណាក៏ដោយ ៕