(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃវិស័យខាងលើនេះជូនដល់សាធារណជនបន្ថែមទៀត។ តាមរយៈសារលិខិតនៅក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះក្រោមវិធានបទ«TVETផ្តល់ជំនាញ និងការងារសមរម្យ» សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺជាកត្តាសំខាន់បំផុតសម្រាប់ស្វែងរកឱកាសការងារ ខណៈកិច្ចការនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត ដោយចាប់ពីឆ្នាំ២០២៣នេះទៅរាជរដ្ឋាភិបាលបានកំពុងផ្តល់អាហារូបករណ៍ ដល់យុវជនក្នុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅទូទាំងប្រទេសចំនួន ១លាន៥សែននាក់។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាមសិស្សនិស្សិត មាតាបិតាអាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឆ្នាំ២០២៣ ក្រោមវិធានបទ«TVETផ្តល់ជំនាញ និងការងារសមរម្យ»នេះ ឲ្យបានផុលផុសអធិកអធមទូទាំងប្រទេសតាមប្រព័ន្ធផ្សព្វផ្សាយនានា»។ ឆ្លៀតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦នេះដែរ សម្តចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តរួមគ្នា ថែរក្សាសន្តិភាព និងស្ថិរភាពនៅកម្ពុជា ដែលជាលក្ខខណ្ឌចាំបាច់ក្នុងការបន្តការអភិវឌ្ឍមូលធនមនុស្ស ពោរពេញដោយជំនាញ និងសមត្ថភាព ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ ការបង្កើតការងារថ្មីកាន់តែល្អ និងរក្សាការងារ ដែលមានស្រាប់សំដៅបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។ បើតាមសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា ដើម្បីផ្តល់លទ្ធភាព ទទួលបានការងារបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់អាហារូបករណ៍ កាន់តែច្រើនឡើង សម្រាប់យុវជនដែលបានបោះបង់ការសិក្សា ប្រជាពលរដ្ឋក្រីក្រ ស្រ្តី ជនពិការ ជនជាតិ ដើមភាគតិច ជនងាយរងគ្រោះ និងកម្មករនិយោជិតក្នុងរយៈពេល៥ឆ្នាំមកនេះ មានសិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតប្រមាណ៣០ម៉ឺននាក់បានទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សា ដោយជោគជ័យ ក្នុងការទទួលបានជំនាញថ្មី និងលើកកម្ពស់ជំនាញរបស់ខ្លួន ដោយបានចាប់យកឱកាស ការងារល្អៗ ក៏ដូចជាការបង្កើតមុខរបរដោយខ្លួនឯង ក្នុងការបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងជួយលើក ស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើនផងដែរ៕