(ភ្នំពេញ)៖ នៅថ្ងៃនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្កាញសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តខាងមុខសរុបចំនួនជាង១៣លានសន្លឹក។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានអញ្ជើញក្នុងពិធីបង្ហាញសន្លឹកឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ទៅកាន់តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល នៅទីតាំងបោះពុម្ពសន្លឹកឆ្នោតក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា តាមផែនការបោះពុម្ពសន្លឹកឆ្នោតសរុបជាង១៣លានសន្លឹកឆ្នោតនោះ នឹងបញ្ជូននៅមណ្ឌលបោះឆ្នោត និងតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស ខណៈការបញ្ចប់នៃការបោះពុម្ពសន្លឹកឆ្នោតនឹងបញ្វប់នាពាក់កណ្តាលខែកក្កដាខាងមុខ។ លោក ជឹម ភ័ក្រ្តា អនុប្រធានសមាគមបញ្ញាវន្ត និងយុវជនស្ម័គ្រចិត្ត ដែលជាអ្នកសង្កេតការណ៍ លើកឡើងថា ការបោះពុម្ពសន្លឹកឆ្នោតរបស់ គ.ជ.ប ផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅជនបទក្នុងការគូសសន្លឹកឆ្នោតលើគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដោយសម្គាល់ត្រឹមលេខរៀង និងស្លាកសញ្ញាសម្គាល់របស់គណបក្សនោះ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ខណៈប្រជាពលរដ្ឋនឹងចូលរួមបោះឆ្នោតជាង៩លាន៧សែននាក់ ក្នុងការិយាល័យបោះឆ្នោតចំនួនជាង២ម៉ឺនការិយាល័យ៕